រាជរដ្ឋាភិបាលគ្រោងបង្កើតទីតាំងចាក់សំរាម ដែលមានស្តង់ដារនៅតាមបណ្តាខេត្តចំនួន៦ផ្សេងទៀត ក្នុងឆ្នាំ២០២២ខាងមុខ

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន គ្រោងនឹងបង្កើតទីតាំងចាក់សំរាមដែលមានស្តង់ដារនៅតាមបណ្ដាខេត្តចំនួន៦ផ្សេងទៀត នៅក្នុងឆ្នាំ២០២២ខាងមុខ បន្ទាប់ពីការដាក់ឱ្យដំណើរការទីតាំងចាក់សំរាមនៅខេត្តព្រះសីហនុ កាលពីខែវិច្ឆិកា ឆ្នាំ២០២១នេះ។ នេះគឺជាការអះអាងរបស់ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចុះពិនិត្យមើលទីតាំងចាក់សំរាមនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងថា គម្រោងដែលរាជរដ្ឋាភិបាលគ្រោងបង្កើតទីលាន់ចាក់សំរាមបែបស្តង់ដារនេះ មានដូចជា ខេត្តកែប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្ដព្រៃវែង ដែលគោលដៅរបស់ក្រសួងបរិស្ថាននឹងគ្រប់គ្រងសំរាមឱ្យបានល្អដែលជាផ្នែកមួយនៃគោលនយោបាយជាតិក្នុងការគ្រប់គ្រងសំណល់រឹងសំរាម ដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តន៍។

ឯកឧត្ដមរដ្ឋលេខាធិការបញ្ជាក់ថា ការរៀបចំទីលានចាក់សំរាមនៅក្នុងខេត្ដព្រះសីហនុនេះ គឺជាទីលានទីមួយនៅក្នុងប្រទេសកម្ពុជាដែលមានស្តង់ដារត្រឹមត្រូវ ហើយត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីដើមខែវិច្ឆិកាកន្លងមកនេះ។

ឯកឧត្ដមបានបន្តថា ទីលានចាក់សំរាមនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយក្រសួងបរិស្ថានបានកំពុងតែធ្វើជាមួយដៃគូអភិវឌ្ឍន៍ និងបង្កើតទីលានរបៀបនេះនៅតាមបណ្ដាខេត្តមួយចំនួនទៀត។

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា “យើងរំពឹងថានៅក្នុងឆ្នាំ ២០២២ខាងមុខនេះនឹងមានទីលានចាក់សំរាមប្រមាណជា ៦ កន្លែងទៀត ដូចជា ខេត្តកែប មានទីលានរួចហើយ ត្រៀមនៅធ្វើនៅខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំងនៅ ខេត្តបាត់ដំបង។ ក្រសួងបរិស្ថានក៏បានកំពុងតែធ្វើការជាមួយដៃគូក្នុងការបង្កើតទីតាំងចាក់សំរាមដូចជានៅខេត្ដសៀមរាប និងខេត្តនៅជាប់ព្រំដែនដូចជានៅខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែងជាដើម”។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា គោលដៅរបស់ក្រសួងបរិស្ថាន គឺធ្វើការគ្រប់គ្រងកាកសំណល់រឹងសំរាមឱ្យបានល្អដែលជាផ្នែកមួយជាគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តន៍ ហើយអ្វីដែលសំខាន់គឺការផ្សព្វផ្សាយក៏ដូចជាការផ្តល់ផ្នែកបច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាមនៅតាមទីប្រជុំជន។

ជាមួយគ្នានោះដែរ ឯកឧត្ដមបានថ្លែងឱ្យដឹងថា ក្នុងមួយថ្ងៃសំណល់សំរាមត្រូវបានបង្កើតឡើងមានជាង១ ម៉ឺនតោន ហើយក្នុងមួយឆ្នាំសំណល់សំរាមមានប៉ុន្មាន ៤លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុគឺមានសំរាមចន្លោះពី ៣៥០-៤០០តោនត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃ។ តាមការសិក្សាក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយគឺជាសំរាមសំណល់សរីរាង្គ ២០ភាគរយ ជាសំណល់ប្លាស្ទិក ហើយនៅសល់ប៉ុន្មានគឺជាសំណល់រឹង។

ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបន្ដថា ក្រសួងបរិស្ថានជំរុញឱ្យមានការកែច្នៃនិងការដកហូតញែកសំរាមទៅតាមប្រភេទសំរាមនីមួយៗ ហើយតាមគោលនយោបាយរបស់ក្រសួងគឺតម្រូវឱ្យប្រជាពលរដ្ឋធ្វើការញែកសំរាមទៅតាមប្រភេទដើម្បីកាត់បន្ថយការយកសំរាមទៅចាក់នៅទីលានចាក់សំរាមដែលធ្វើឱ្យឆាប់ពេញ។ “បើសិនជាយើងធ្វើការងារសំរាមនោះការចាក់សំរាមនៅទីតាំងនិងអាចបានប្រើប្រាស់រយៈពេលយូរ។ ជាក់ស្ដែងទីតាំងចាក់សំរាមនៅខេត្ដ ព្រះសីហនុ មាន៤រណ្ដៅ លើទំហំផ្ទៃដី៥ហិកតា ដោយគម្រោងមានរយៈពេល ៥ ឆ្នាំ ប៉ុន្តែវាក៏អាចប្រែប្រួលផងដែរអាស្រ័យលើកំណើននៃសំរាម”។ នេះគឺជាការអះអាងបន្ថែមរបស់ ឯកឧត្ដម នេត្រ ភក្រ្ដា។

ឯកឧត្ដមបានឱ្យដឹងទៀតថា បច្ចុប្បន្ន មានសំរាមប្រមាណ ១០ភាគរយ បានយកទៅធ្វើការកែច្នៃ ហើយក្រៅពីនោះបានយកទៅចាក់នៅទីលាន។ ប៉ុន្តែនៅតាមបណ្តាប្រទេសផ្សេងទៀតប្រជាពលរដ្ឋដែលយល់ដឹងពីការញែកសំរាមគឺសំរាមដែលគេយកទៅចាក់ចោលនៅទីតាំងចាក់សំរាមមានចំនួនតិចតួច ហើយប្រទេសខ្លះអត់មានសំរាមផងដែរ។

ឯកឧត្ដមរដ្ឋលេខាធិការបន្ថែមទៀតថា នៅក្នុងមួយឆ្នាំៗសំរាមមានការកើនឡើងប្រមាណជាង ១០ភាគរយ ដោយសារកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់ច្រើន និងកំណើនប្រជាពលរដ្ឋផងដែរ។ ក្នុងករណីដែលមិនអាចគ្រប់គ្រងសំណល់រឹងបាននោះទេសំរាមនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព សោភណភាពបរិស្ថាន។ ទន្ទឹមនេះ សម្រាប់ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំណល់សំរាមនេះដោយសារខេត្តនេះជាខេត្តពហុបំណងលើគ្រប់វិស័យ ដែលមានវិស័យកឧស្សាហកម្ម កំពង់ផែ ព្រលានយន្តហោះ និងទេសចរណ៍ជាដើម។

ទាក់ទងនឹងបញ្ហាសំរាមនេះដែរ លោក ហុក សុផាន់ណារ៉ូ នាយកគ្រប់គ្រងទីលានគ្រប់គ្រងសំរាមទីប្រជុំជននៅខេត្តព្រះសីហនុបានឱ្យដឹងថាទី លានចាក់សំរាមអូតាសេក ក្នុង ខេត្តព្រះសីហនុ គឺក្នុងមួយថ្ងៃសំរាមដែលប្រើប្រាស់ចោលមានចំនួន ២៥០តោនហើយសំរាមទាំងនេះគឺមិនមែនមកតែពីក្រុងព្រះសីហនុនោះទេវាក៏មកពីស្រុកព្រៃនប់ផងដែរ ដែលអនុវត្តន៍ប្រតិបត្តិករចំនួនពីរក្រុមហ៊ុន។ លោកបានឱ្យដឹងទៀតថា នៅទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុនេះក្រៅពីកន្លែងទុកដាក់សំរាមប្រកបដោយស្តង់ដារហើយ ក៏នៅធ្វើការបែង ចែកត្រឹមត្រូវដោយក្នុងនោះប្រភេទសំរាមនីមួយៗគឺអាចយកទៅកែច្នៃប្រើប្រាស់តាមប្រភេទ របស់វានីមួយៗថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង