សហភាពអឺរ៉ុប ចាក់ទុកកិច្ចប្រជុំ ASEM លើកទី១៣ គឺជាកិច្ចប្រជុំសំខាន់បំផុតដែលពហុភាគីរួមគ្នាដោះស្រាយបញ្ហាប្រឈម រួមមានបញ្ហាសន្តិសុខ និងជំងឺកូវីដ ១៩

ឯកឧត្ដម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានថ្លែងថា សហភាពអឺរ៉ុប(EU) បានចាត់ទុកកិច្ចប្រជុំ ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកិច្ចប្រជុំសំខាន់បំផុតក្នុងឆ្នាំ២០២១នេះ ដែលពហុភាគីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលរួមមានទាំងបញ្ហាសន្តិសុខ និងជំងឺកូវីដ ១៩ ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួម (JOINT PRESS CONFERENCE) នៃពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣(ASEM13) នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ ឯកឧត្ដម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានលើកឡើងថា ASEM បានធ្វើឱ្យមានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នារយៈពេល៣ឆ្នាំ ដែលចាប់តាំងពីកិច្ចប្រជុំ ASEM លើកមុន គឺមានបញ្ហាប្រឈមជាច្រើនដូចជាបញ្ហាសន្តិសុខ ក្នុងនោះអ្វីដែលថ្មីគឺជំងឺកូវីដ១៩។ ឯកឧត្ដមបានអះអាងថា អ្វីដែលយើងធ្វើច្បាស់នោះគឺដោះស្រាយបញ្ហាប្រឈមប្របកដោយជោគជ័យ ហើយត្រូវបន្តធ្វើការរួមគ្នា និងធ្វើសកម្មភាពរួមគ្នា។ ឯកឧត្ដមបានថ្លែងថា “កិច្ចប្រជុំឆ្នាំនេះគឺជាកិច្ចប្រជុំពហុភាគីសំខាន់បំផុត នៃឆ្នាំ២០២១ យើងបានពិភាក្សាគ្នាថាតើជំរុញការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងដូចម្ដេច បន្ទាប់ពីជំងឺកូវីដ១៩ និងជំរុញឱ្យមានការអភិឌ្ឍបៃតង ដែលធានាគោលនយោបាយសន្តិសុខ។ យើងមានបញ្ហាប្រឈមជាច្រើន ប៉ុន្តែយើងក៏មានកម្មវត្ថុ រួមជាច្រើនដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ និងកសាងសេដ្ឋកិច្ចប្រកបដោយចីរភាព”។

ជាមួយគ្នានោះដែរ ឯកឧត្ដមប្រធានក្រុមប្រឹក្សាអឺរ៉ុបបានបន្ដថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែមានសារៈសំខាន់សម្រាប់ EU ហើយយើងជាអ្នកវិនិយោគសំខាន់នៅក្នុងតំបន់នេះ និងជាកិច្ចសហប្រតិបត្តិការដៃគូសំខាន់ក្នុងតំបន់នេះដែរ។ ទន្ទឹមនេះ យើងបានសម្រេចចិត្តអនុវត្តន៍គោលការណ៍យុទ្ធសាស្រ្ដនៅក្នុងតំបន់ និងការរៀបចំយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាគោលការណ៍ដែលជាសញ្ញាសម្រាប់យើងធ្វើការរួមគ្នានិយាយអំពីការតភ្ជាប់តំបន់បៃតង និងបញ្ហាសន្តិសុខ។

ឯកឧត្ដមបានបន្ថែមថា នេះមិនមែនអ្វីចម្លែកទេ ពីព្រោះថានេះគឺជាបញ្ហាសណ្ដាប់ធ្នាប់អន្តរជាតិដែលយើងប្រើជាយុទ្ធសាស្ត្រ ហើយយើងមានដៃគូនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីបើកចំហសម្រាប់វិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាពិសេសយើងជំរុញឱ្យមានស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្របកដោយចីរភាព។

ចំណែកលោកជំទាវ Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់ដែរថា កូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ក្នុងនោះសេដ្ឋកិច្ចក៏បានប៉ះពាល់ដែរ ដែលយើងត្រូវដោះស្រាយបញ្ជាទាំងនេះរួមគ្នា។ លោកជំទាវបានអះអាងថា យុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប នឹងជួយធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ហើយជោគជ័យរបស់អាស៊ី ក៏ជាជោគជ័យរបស់អឺរ៉ុបផងដែរ។

លោកជំទាវបានបញ្ជាក់បន្ថែមថា “កិច្ចប្រជុំថ្ងៃនេះគឺជាទម្រង់ល្អបំផុតនៅថ្ងៃនេះ យើងតំណាងឱ្យ៥៥ភាគរយ នៃពាណិជ្ជកម្មពិភពលោក ៦០ភាគរយ នៃប្រជាជនពិភពលោក និង៦៥ភាគរយ នៃធនធានពិភពលោកដែលត្រូវតែវាស់វែងនៃការធ្វើជាដៃគូរវាងអាស៊ី និងអឺរ៉ុប”៕ ដោយ ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង