អគារស្នាក់នៅរបស់កងទ័ព ០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

TNM(ខេត្តព្រះសីហនុ)៖ អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ។

ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវដោយមានការចូលរួមពីលោកអភិបាលក្រុង មេបញ្ជាការ មេបញ្ជាការរង ពលទាហានតំបន់ប្រតិបត្តិការសឹករងព្រះសីហនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត នៅព្រឹកថ្ងៃចន្ទ ១១រាច ខែមាឃ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ចាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិទី៣ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គបញ្ជាការរង មេបញ្ជាកងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងសហការីទាំងអស់បានធ្វើការអុជ ទៀន ធូប និងបួងសួង រំលឹក គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុសក្តិសិទ្ធិក្នុងលោកសូមជួយតាមថែរក្សា និងផ្តល់នូវសេចក្តីសុខសេចក្តីចម្រើន ដល់ការដំណើរការសាងសង់អគារស្នាក់នៅរបស់កងទ័ពនៃតំបន់ប្រតិបត្តិការសឹករងព្រះសីហនុថ្មី ឱ្យប្រព្រឹត្តិទៅប្រកបដោយសុខសុវត្ថិភាព។

យោងតាម លោកឧត្តមសេនីយ៍ត្រី  នូវ សំអុល មេបញ្ជាការ  តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បានបញ្ជាក់ថា អគារស្នាក់នៅដែលបានប្រារព្ធក្រុងពិលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ មានទំហំ១០,៥០ម៉ែត្រគុណ ៣៦ម៉ែត្រ មានកំពស់ ២ជាន់ ក្នុងមួយអគារ (ជាន់ផ្ទាល់ដី និងជាន់ទី១)។ អគារនេះចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះទៅ។ ឧត្តមសេនីយ៍ត្រីបានលើកឡើងថា ជានិច្ចកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ យកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវភាពរស់នៅ សុខមាលភាព ក៏ដូចជាតម្រូវការផ្សេងៗ របស់កងទ័ពក្នុងការបំពេញភារកិច្ច ដោយបានផ្តល់ និងកសាងជូនដល់អង្គភាពកងទ័ពនូវគ្រប់ ហេដ្ឋារចនាសម្ព័ននានារួមមាន អគារសម្រាប់ធ្វើការងារ, ជំរុំជម្រកស្នាក់នៅ និងបានឧបត្ថម្ភបន្ថែមលើគោលរបបប្រចាំថ្ងៃ ដល់កងទ័ព និងគ្រួសារទ័ពថែមទៀត។ តាមរយៈអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ នៅពេលនេះពិតជាបានលើកទឹកចិត្តដ៏ធំធេងទ្វេរឡើងថែមទៀត ដល់យោធិនគ្រប់រូបក្នុងការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន ដើម្បីរក្សាអោយបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងបានធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ ស្មារតីរឹងមាំ អង់អាចក្លាហាន និងមានឆន្ទៈមោះមុតក្នុងការការពារសន្តិសុខ ការពារអធិបតេយ្យភាព បូរណភាពទឹកដី ឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តំណាងឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់នៅរួមចំនួន ០២ខ្នង សម្រាប់យោធាខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនយោធាខេត្តព្រះសីហនុ ដោយមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង និងពលទាហានតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ យើងបានរៀបចំកម្មវិធីសុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីដំណើរការសាងសង់អគារស្នាក់នៅរួមរបស់យោធាតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវសំណង់អគារដ៏ថ្លៃថ្លាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ដើម្បីជាប្រយោជន៍សម្រាប់យោធាខេត្តរបស់យើងប្រើប្រាស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិឱ្យបានរឹងមាំ សុខសាន្តប្រកបដោយសន្តិភាពយូរអង្វែងសម្រាប់ជាតិ មាតុភូមិរបស់យើង។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានបន្តថា ការសាងសង់អគារស្នាក់នៅរួមចំនួនពីរខ្នងនេះ មានកម្ពស់ ០២ជាន់ ក្នុងមួយខ្នងមានទទឹង ១០,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ នៅពេលសាងសង់រួចអគារនេះមានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង