មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដឹកនាំកម្លាំងអាវុធហត្ថចុះច្រូតកាត់ប្រមូលផលស្រូវជួយដល់ប្រជាកសិករក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានយកចិត្តទុកដាក់ចំពោះប្រជាកសិករ ដែលមានការខ្វះខាតនៅកម្លាំងធ្វើការច្រូតកាត់ខណៈពេលប្រមូលផលស្រូវនៅរដូវវស្សា លោកបានដឹកនាំកម្លាំងអាវុធហត្ថ ចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនដល់ប្រជាកសិករ ស្ថិតនៅក្នុងឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាក់ស្ដែងនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2021។ លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងអាវុធហត្ថ ក្នុងខេត្តមានចំនួន៧៥នាក់ រួមនិងមានក្រុមយុវជន ប្រជាពលរដ្ឋក្នុងភូមិ ចុះជួយច្រូតកាត់ស្រូវជូនដល់ប្រជាកសិករ ដែលកំពុងជួបការខ្វះខាតកម្លាំងក្នុងការច្រូតកាត់ស្រូវ ដែលមានចំនួន ២គ្រួសារ ស្ថិតនៅក្នុងឃុំស្រែឫស្សីក្នុងស្រុកថាឡាបរិវ៉ាត់។ លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី បានលើកឡើងថា ដោយគោរពតាមពាក្យស្លោក របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបំរើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែ បង្រ្កាប ហេតុនេះហើយកងកម្លាំងអាវុធហត្ថ ត្រូវមានស្មារតី អនុវត្ត ដើម្បីប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។ រដូវនេះស្របពេលជារដូវច្រូតកាត់ប្រមូលផលស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុងតែមានភាពមមាញឹក ដោយឡែកគ្រួសារខ្លះទៀត ដោយសារតែសមាជិកក្នុងគ្រួសារមានគ្នាតិច ត្រូវបង្ខំចិត្តជួលកម្លាំងពលកម្មពីខាងក្រៅមកជួយបន្ថែមទៀត ហើយគ្រួសារខ្លះទៀតមិនមានលទ្ធភាពក្នុងការជួលកម្លាំងនោះទេ។ ហេតុដូច្នេះហើយ លោកមេបញ្ជា បានដឹកនាំកម្លាំងក្រុមការងារ នាំគ្នាចូលរួមចុះជួយច្រូតកាត់ស្រូវ រួមនិងប្រមូលផលជូនដល់ពួកគាត់ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំងពលកម្មមកពីខាងក្រៅទៀតនោះ។ លោកឧត្តម សេនីយ៍ត្រី អៀង វ៉ាន់ឌី បានមានប្រសាសន៍បន្ថែមថា ប្រជាកសិករទាំងអស់ ដែលបានដាំដុះស្រូវ តាមលក្ខណៈជាទម្លាប់គួរតែបញ្ឈប់ និងប្តូរមកដាំដុះស្រូវលក្ខណៈបច្ចេកទេសវិញ ដែលមានការបង្ហាត់បង្រៀនត្រឹមត្រូវពីមន្ត្រីកសិកម្មក្នុងស្រុកនីមួយៗ ឃើញថាការដាំដុះស្រូវដែលមានលក្ខណៈជាទម្លាប់នេះ វាបានផ្តល់ទិន្នផលផ្តល់ឲ្យវិញគឺតិចតួច និងចំណាយពេលវេលា ថវិកាអស់ច្រើន ជាងការដាំដុះស្រូវលក្ខណៈបច្ចេកទេស និងទទួលបានទិន្នផលខ្ពស់ជាងនិងមាន គុណភាពល្អ ចំណាយពេលវេលា ថវិកាធូរមួយកម្រិត បើប្រៀបនឹងការដាំដុះស្រូវបែបតាមទម្លាប់ ៕ (ដោយសហការី tnm ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង