អភិបាលខេត្តកំពត៖ មន្ត្រីរាជការត្រូវផ្លាស់ប្តូរអត្តចរិតពីអ្នកគ្រប់គ្រងសេវា មកជាអ្នក​បម្រើ​សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានណែនាំដល់​មន្ត្រីរាជការ​ត្រូវ​ផ្លាស់ប្តូរអត្តចរិតពីអ្នកគ្រប់គ្រងសេវា មកជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកប​ដោយ​ភាពស្មោះត្រង់ ដោយផ្តោតសំខាន់ទៅលើគោលការណ៍៥ចំណុចដែលជាគ្រឹះ​ក្នុង​ការ​ផ្តល់​សេវា គឺសាមញ្ញ សីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ការជឿទុកចិត្ត និងតម្លាភាព។ ការ​ណែ​នាំរបស់ឯកឧត្ដមអភិបាលខេត្ដនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅតាមការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះ​ប្រកបដោយ​ជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងនាមអ្នកផ្តល់សេវាត្រូវអនុវត្តនូវគោលការណ៍មួយ​ចំនួន ក្នុងនោះ រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីរបស់ខ្លួន ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ និងត្រូវពង្រឹងរបៀបរបប​បំពេញ​ការងារ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីផ្តល់សេវាឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ ដើម្បីថា​ប្រជាពលរដ្ឋអាចទទួលបានសេវាប្រកបដោយគុណភាព តម្លាភាព និងគ្មានការរើសអើង។

ជាមួយគ្នានេះ ថ្វិត្បិតតែការផ្ដល់សេវាទាំងនោះត្រូវបានអនុវត្តន៍នៅការិយាល័យ​ច្រក​ចេញ-ចូលតែមួយក៏ពិតមែន ប៉ុន្តែការផ្តល់យោបល់ជំនាញបច្ចេកទេសនៅតែជាកិច្ចការ​ស្នូលរបស់ការិយាល័យជំនាញនីមួយៗដដែល។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា មានន័យ​ថា​ការិយាល័យជំនាញចំណុះរដ្ឋបាលក្រុង ស្រុកត្រូវអនុវត្តន៍ការងារឱ្យបានត្រឹមត្រូវតាម​បែប​បទ នីតិវិធីនានាដែលកំណត់ដោយក្រសួង ស្ថាប័នរបស់ខ្លួន។ លើសពីនេះទៀត មន្ត្រី​ពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការផ្តល់សេវារដ្ឋបាលតាមវិស័យរបស់ខ្លួន ឱ្យបានលឿនស្រប​តាមក្របខ័ណ្ឌពេលវេលា និងគោលការណ៍ដែលបានកំណត់ ធ្វើយ៉ាងឱ្យការអនុវត្តនូវ​កំណែ​ទម្រង់នេះមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ស្របតាមការរំពឹងទុក។

ឯកឧត្ដមអភិបាលខេត្ដបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្ដមនឹងបន្តជជែកពិភាក្សា និងជំរុញឱ្យមន្ទីរជំនាញទាំងអស់ផ្ទេរការផ្ដល់សេវាដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលក្រុង ស្រុក ផ្ដល់ការគាំទ្រលើការបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពជា​ប្រចាំដល់​បុគ្គលិកបម្រើការងារនៅក្នុងការិយាល័យច្រកចេញ-ចូលតែមួយ និងធ្វើការតាមដាន ត្រួត​ពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាថារដ្ឋបាលក្រុង ស្រុកផ្ដល់សេវាតាមគោលការណ៍ និងនីតិវិធីជាធរមាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់​គ្រង​ថ្មីរបស់​រដ្ឋ​បាលក្រុង ស្រុក ខណ្ឌ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែល​មាន​លក្ខណៈ​ខ្សែ​ទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់។ ឯកឧត្ដមបានលើកឡើងថា រាជ​រដ្ឋា​ភិបាលបាន​សម្រេចធ្វើការកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុង​ការ​សម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។ ឯកឧត្ដមអគ្គនាយកបានបន្ថែមថា ដើម្បី​អនុវត្តន៍តាមស្មារតីនៃអនុក្រឹត្យនេះ ទាមទារ​ឱ្យ​ក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធ​ឡើង​វិញ ដែល​​ក្នុងនោះក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់​ការិយា​ល័យ​ច្រក​ចេញ-​​ចូលតែមួយផងដែរ។

ឯកឧត្ដមបានបន្ដទៀតថា ការរៀបចំការិយាល័យច្រកចេញ-ចូលតែមួយក្នុងបរិបទ​ថ្មីនេះបានធ្វើ​ឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋ​បាល​​ក្រុង ស្រុក ខណ្ឌ និងបានផ្សាភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិ​ដំណាក់កាល​ទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ (២​០​២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា​សម្រាប់​ការផ្តល់​សេវារដ្ឋ​បាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិកផងដែរ។

ឯកឧត្តម ប្រាក់ សំអឿន ក៏បានស្នើដល់សិក្ខាកាមដែលកំពុងចូលរួម​ក្នុងវគ្គ​បណ្ដុះ​បណ្ដាលនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) បន្ដយក​ចិត្តទុក​ដាក់ស្ដាប់ការធ្វើបទបង្ហាញ ចូលរួមចែករំលែកបទពិសោធន៍ និងចោទសួរ​ជា​សំណួរ​នានាពាក់ព័ន្ធនឹងការធ្វើបទបង្ហាញឱ្យបានផុលផុស ដើម្បីឱ្យមានភាពច្បាស់​លាស់​ក្នុងការអនុវត្តនៅតាមអង្គភាពរបស់ខ្លួន៕ដោយ រិទ្ធី ប្រភព៖ រដ្ឋបាលខេត្ដកំពត

អត្ថបទដែលជាប់ទាក់ទង