នៅរសៀលនេះ សភាកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចបជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ជាលើកដំបូងក្នុងសម័យកូវីដ១៩

ដូចជាការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជាកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចបជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីវិមានរដ្ឋសភា។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ក្រោមមូលបទ៖ “ការពង្រឹងភាព ជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយ SAS-96 (Strengthening Parliamentary Partnership for Peace and Sustainable Development in the Era of COVID-19 and Beyond)” ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថាASEP គឺជាព្រឹត្តិការណ៍អមមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះ នៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ។ កិច្ចប្រជុំកំពូលនេះ នឹង មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសចំនួន៥១ នៅទ្វីបអឺរ៉ុប និងអាស៊ី ប្រធានគ ណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ សម្រាប់កម្ពុជាមានការចូលរួមពីថ្នាក់ដឹកនាំដូចជា៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភា និងជាសហប្រធានកិច្ចប្រជុំASPEP11 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិច្ចប្រជុំASEM13 សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធានកិច្ចប្រជុំAPEP11 ផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភាបានឱ្យដឹងថា នេះជាលើកទី១សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះ នឹងក្លាយជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។

ក្នុងពិធីបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមានឱកាសពិភាក្សាគ្នាយ៉ាងល្អិត ល្អន់នូវសេចក្តីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយគ្នាទៅវិញទៅមក ក្នុងក្រុមពិភាក្សាចំនួនបីក្រុមផ្សេងគ្នា ដែលមានប្រធានបទ មានជាប់ពាក់ព័ន្ធ នឹងមូលបទគោលខាងលើ។ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកាមួយសម្រាប់ទំនាក់ទំនង ការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ នៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភា លើកកម្ពស់ការទូតសភា ពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួន ដែលសមាជិកសភាចាត់ទុកថាជាអាទិភាព ដូចដែលបានដាក់នៅក្នុងដំណោះស្រាយ និងសេចក្តីប្រកាសចុងក្រោយ របស់កិច្ចប្រជុំ ASEP ។

ឈរលើស្មារតីក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សភាកម្ពុជាមានសុទិដ្ឋិនិយមក្នុងការខិតខំបំពេញ កាតព្វកិច្ចទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដែលនឹងបន្តរួមចំណែកដល់ការលើកកម្ពស់នូវចក្ខុវិស័យនិងគោលដៅចម្បងរបស់ ASEP ក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងសម្រេចបាននូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ គឺការរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

គួររម្លឹកផងដែរថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និង បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្ន មានសមាជិកនៅ ក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និង លេខាធិការដ្ឋានអាស៊ាន៕ដោយ៖ ប៊ុនរិទ្ធ

អត្ថបទដែលជាប់ទាក់ទង