រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មាន និងផ្នែករដ្ឋបាលតាមបណ្តាស្ថាប័ននានាគួរឈ្វេងយល់ពីចំណុចខ្វះខាតពីគ្នាចៀសវាងចោទប្រកាន់មកលើរាជរដ្ឋាភិបាល
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអ្នកសារព័ត៌មាននិងផ្នែករដ្ឋបាលនៅតាមបណ្តាក្រសួង ស្ថាប័ននានាធ្វើការឈ្វេងយល់ពីចំណុចខ្វះខាតរវាងគ្នានឹងគ្នា ដើម្បីចៀសវាងការចោទប្រកាន់មកលើរាជរដ្ឋាភិបាលដែលមិនដឹងហេតុផល។
ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសិក្ខាសាលាស្តីពី«ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា កន្លងមកមានអ្នកសារព័ត៌មាន និងអ្នកធ្វើការផ្នែករដ្ឋបាលនៅតាមក្រសួងស្ថាប័នខ្លះមិនមានការយល់ពីគ្នាដែលធ្វើឱ្យមានការស្តីបន្ទោសគ្នាទៅវិញទៅមក រហូតដល់ចោទប្រកាន់លើរាជរដ្ឋាភិ បាលដែលមិនដឹងមូលហេតុក៏មាន។ ឯកឧត្ដមក៏បានស្នើឱ្យមានការឈ្វេងយល់ពីគ្នាទៅវិញទៅមកឱ្យបានច្រើន។ ឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា “អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងមានចំណេះដឹងខ្ពស់គឺជាអ្នកដែលអាចជួយដល់ប្រជាជនផង និងក៏ជាស្ពានសម្រាប់ពលរដ្ឋ រាជរដ្ឋាភិបាល។ នេះជាគំនិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប៉ុន្តែដោយសារការមិនយល់គ្នាធ្វើឱ្យមានភាពល្អក់កករ រហូតដល់ធ្វើ ឱ្យមានការចោទរាជរដ្ឋាភិបាលដែលជាការពិតគឺជាការងារឯកជន ឬជាការសម្រេចដោយឡែកពីគ្នា”។ ឯកឧត្តមបានថ្លែងថា ក្នុងសិក្ខាសាលាថ្ងៃនេះគឺនឹងធ្វើការជជែកគ្នាអំពីការមិនយល់គ្នារវាងអ្នកសារព័ត៌មាន និងអ្នករដ្ឋបាល ដើម្បីធ្វើការឈ្វេងយល់ពីគ្នាទៅវិញទៅមក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ការជជែកគ្នានេះក៏មិនមែនសម្រាប់ជះកំហឹង ឬភក់ដាក់គ្នានោះទេ ប៉ុន្តែត្រូវឈ្វេងយល់ថាតើ ចំណុចណាមិនល្អ ហើយគួរឱ្យអ្នកសារព័ត៌មានស្ថិតនៅក្នុងកម្រិតណា និងអ្នករដ្ឋបាលត្រូវសួរអ្នកសារព័ត៌មានថាតើចំណុចណាខ្លះដែលខ្លួនត្រូវធ្វើ។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ចំពោះសិក្ខាសាលានៅថ្ងៃនេះ ក៏មានការរៀបចំជារបាយការណ៍រួមមួយដើម្បីដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពិនិត្យផងដែរ។ ឯកឧត្តមបានថ្លែងបន្ដថា នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាចចាត់ថាទិវាជាប្រវត្តិមួយនៅកម្ពុជា ដែលអ្នកកាសែតកម្ពុជា អាជ្ញាធរតុលាការកម្ពុជា និងអាជ្ញាធរនីតិប្រតិបត្តិកម្ពុជា ជួបជុំដើម្បីពិគ្រោះគ្នា ពីរបៀបទំនាក់ទំនង ការងារជាមួយគ្នា ដើម្បីជាផលប្រយោជន៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមបែបកម្ពុជា។
ឯកឧត្ដម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា អ្នកសារព័ត៌មានមានកាតព្វកិច្ចគោរពគោលការណ៍ចាំបាច់មួយចំនួនដូចជា គោរពសច្ចធម៌និងគោរពសិទ្ធិយល់ដឹងនូវសច្ចធម៌របស់សាធារណជន។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា អ្នកសារព័ត៌មានត្រូវផ្សាយដំណឹងទាំងឡាយដោយសុច្ចរិត ព្រមទាំងធ្វើការអត្ថាធិប្បាយ ឬរិះគន់ឱ្យត្រឹមត្រូវ និងសមស្របតាមគតិ យុត្តិធម៌ និងត្រូវរាយការណ៍តែតាមហេតុការណ៍ដែលខ្លួនដឹងពីប្រភពដើមតែប៉ុណ្ណោះ ជាំពិសេសអ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬកែងបន្លំឯកសារផ្សេងឡើយ។
ជាមួយគ្នានេះដែរ លោក នុប សុធនវិសិទ្ធ ប្រធាននាយករដ្ឋានស្រាវជ្រាវផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ក្នុងវិស័យព្រហ្មទណ្ឌនៃក្រសួងយុត្ដិធម៌បានបញ្ជាក់ថា ក្នុងច្បាប់ស្តីពីរបបសារព័ត៌មានបានចែងថាសារព័ត៌មានមានសិទ្ធិរក្សាការសម្ងាត់ស្តីពីប្រភពព័ត៌មានរបស់ខ្លួនបាន៕ដោយ៖ ប៊ុនរិទ្ធ រូបថត៖ ខឹម សុវណ្ណារ៉ា