អាស៊ាន-អង្គការសហប្រជាជាតិ បង្ហាញជំហរពន្លឿនកិច្ចសហប្រតិបត្តិការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឯកឧត្តម ឃែលិដ ឃៀរី (Khaled Khiari) ឧបការីអគ្គលេខាធិការអង្គការសហ ប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅក្នុងកិច្ចស្វាគមន៍ ឯកឧត្តម ឃែលិដ ឃៀរី សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូងមកកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការរស់ឡើងវិញរបស់កម្ពុជាក្រោយឆ្នាំ១៩៧៩ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង ការផ្សះផ្សាជាតិ និង ការអភិវឌ្ឍន៍ ផ្នែកសង្គមវប្បធម៌បន្ទាប់ពីការបញ្ចប់អាណត្តិរបស់អ៊ុនតាក់(UNTAC) នៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីសង្ឈឹមថា បទពិសោធន៍របស់កម្ពុជាអាចត្រូវបានចែករំលែកក្នុងការនាំមកនូវសន្តិភាព និងស្ថិរភាពក្នុងនិងក្រៅតំបន់។ ឯកឧត្តម ឃែលិដ ឃៀរី បានលើកសរសើរកម្ពុជាចំពោះវឌ្ឍនភាពជាលំដាប់ ការចូលរួមយ៉ាងធំធេងក្នុងការរក្សាសន្តិសុខអន្តរជាតិ និង ការគាំទ្រពហុភាគីនិយម និង សណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ ឯកឧត្តម ក៏បានកោតសរសើរកម្ពុជាចំពោះយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដ៏ជោគជ័យ ដែលនាំមកនូវការស្តារឡើងវិញដ៏ល្អនាពេលខាងមុខ និងគូសបញ្ជាក់អំពីការត្រៀមរួច ជាស្រេចរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។

ចំពោះតួនាទីកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកពីអាទិភាពដែលកម្ពុជាបានកំណត់ ដើម្បីកសាង សហគមន៍អាស៊ានបន្ថែមទៀត ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា« ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈរបស់កម្ពុជាលើបញ្ហាតំបន់ ដោយលើកជាសំខាន់នូវការតាំងចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ តាមរយៈការពង្រឹងកិច្ចខិតខំរួមគ្នាសម្រាប់ការស្តារឡើងវិញឆាប់រហ័ស ពីផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាត្បាត​កូវីដ១៩ ដែលជាការល្អចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

ចំពោះភាពជាដៃគូសន្ទនាគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ ដែលឈានដល់ខួបអនុស្សាវរីយ៍ លើកទី១០ នៅឆ្នាំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឃែលិដ ឃៀរី បានពិភាក្សាអំពីការពន្លឿនកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ក្នុងវិស័យមួយចំនួន ដែលមានកំណត់ក្នុងក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបង្រួមគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈការអនុវត្តន៍ផែនការការងារ IAI ទី៤ និងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ សុខុមាលភាពពលករចំណាកស្រុក ស្ត្រីក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខ និងការគាំទ្រមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។ ឯកឧត្តមទាំងពីរក៏បានចែករំលែកនូវទស្សនៈដូចគ្នាស្តីពីការលើកទឹកចិត្តឲ្យមានការសហការគ្នាជិតស្និទ្ធ រវាងប្រសិតពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឃែលិដ ឃៀរី បានរំពឹងដល់វឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តន៍ផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ ២០២១-២០២៥ រួមទាំងការជំរុញភាពបំពេញឲ្យគ្នាទៅវិញទៅមករវាងចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ និង របៀបវារៈស្តីពីគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ និងការរៀបចំកិច្ចប្រជុំអាស៊ាន-អង្គការសហប្រជាជាតិនៅគ្រប់កម្រិតដោយផ្ទាល់នៅឆ្នាំក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង