កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 11 ខែ វិច្ឆិកា ឆ្នាំ 2021 130 ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានបំពេញតួនាទីយ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព វិបុលភាព និងសុខដុមនីយកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកានេះ តាមរយៈប្រព័ន្ធវីដេអូ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា ក្នុងបរិបទបច្ចុប្បន្ននេះ ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការ រៀបចំយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហារួមជាច្រើន ដូចជា ការប្រកួត ប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម ។ ក្នុងកម្រិតតំបន់ ដើម្បីដោះស្រាយនូវ រាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់ នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់,យើងត្រៀមលក្ខណៈ, យើងរីក ចម្រើន ។ សម្តេចតេជោ បន្តថា ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង និងបរិយាប័ន្ន ។ ក្នុងបរិបទនេះ,ផែនការមេស្តីពីការតភ្ជាប់អាស៊ាន នឹងដើរតួជាផែនការគន្លឹះ ដែលនឹងធានាការ រីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ជាមួយនឹងគម្លាតអភិវឌ្ឍន៍តិចតួច និងការតភ្ជាប់គ្នាដោយរលូនរវាងប្រទេសជាសមាជិក និងជាមួយ ពិភពលោក តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ។ « ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន អស់រយៈពេលជាង ២០ ឆ្នាំមកនេះ កម្ពុជាបានបំពេញតួនាទី យ៉ាងម៉ឺងម៉ាត់ ដើម្បីចូលរួមកសាងសហគមន៍តំបន់ដែលមានសន្តិភាព,វិបុលភាព និងសុខដុមនីយកម្ម ព្រមទាំងផ្លាស់ប្តូរអាស៊ាន ទៅជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់ដែលមានសារសំខាន់ជាសកល ។ ក្នុងនាមជាប្រធានអាស៊ាន នាឆ្នាំ ២០២២ កម្ពុជានឹង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេច បាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមូលបទ “អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.CT. AddressingChallenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល » ៕ 130 ចែករំលែក