សិក្ខាសាលាផ្សព្វផ្សាយស្តីពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវ ដែលមានជាតិដែក
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួងផែនការ បានធ្វើការអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ សូមជួយរួមចំណែកជំរុញ និង ឧបត្ថម្ភគាំទ្រដល់កម្មវិធី បញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវ នៅប្រទេសកម្ពុជាជាបន្តទៀត ដើម្បីចូលរួមចំណែកថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ត្រី និងកុមារ។
ការអំពាវនាវរបស់ ឯកឧត្តម ថេង បញ្ញាធន ដូចនេះធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វ ផ្សាយ ស្តីពីសារៈសំខាន់នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវ ដែលមានជាតិដែក និង ពង្រឹងការអនុវត្ដខ្លឹមសារប្រកាសអន្តរក្រសួង លេខ០៤៨ កជអជ ស្ដីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល ព្រឹកថ្ងៃ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក នុត ពុធដារ៉ា អភិបាលរងខេត្ត អជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ។
ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភជាតិដែក គឺជាបញ្ហាចម្បងមួយនៅក្នុងចំណោមបញ្ហាចម្បងបីទៀតគឺ បញ្ហាកង្វះប្រូតេអីន កង្វះជីវជាតិអា និងកង្វះជាតិអ៊ីយ៉ូដ ។ បញ្ជាកង្វះជាតិដែកបណ្តាលឱ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារ មានភាពយឺតយ៉ាវ និងមានភាពស្លេកស្លាំង ហើយប្រសិនបើមានកង្វះជាតិដែកកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ វានឹងបណ្ដាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬទារកកើតមកមិនគ្រប់ទម្ងន់ ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាព ចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ច សង្គមទៀតផង។
ឯកឧត្តមបានបន្ថែមថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ គឺជាការជួបជុំដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋ និងម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ី វ ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ និងពង្រឹងបន្ថែមទៀតនូវគោលដៅ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាពិសេសគឺត្រូវពង្រឹងលើការផលិត និងការនាំចូលទឹកត្រី ទឹកស៊ីអ៊ី វដាច់ខាតត្រូវតែមានជាតិដែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការខិតខំធ្វើយ៉ាងណារក្សាឱ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិដែកទៅក្នុងទឹកត្រី ទឹកស៊ីអ៊ីវ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ។
ឯកឧត្តមក៏បាន អំពាវនាវឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្តល់មតិ យោបល់ និង ធ្វើការពិភាក្សាឱ្យបានផុលផុស ដើម្បីរកចំណុចល្អ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកាត់បន្ថយបញ្ហាកង្វះសារធាតុចិញ្ចឹម និងភាពស្លេកស្លាំង តាមរយៈការបញ្ចូលជាតិដែក និង មីក្រូសារជាតិ តាមស្តង់ដារចូលក្នុងទឹកត្រី ទឹកស៊ីអ៊ី វ សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋប្រកប ដោយសុវត្ថិភាព ។
ក្នុងសិក្ខាសាលានេះដែរ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា ដើម្បីធានាថា ទឹកត្រី ទឹកស៊ីអ៊ី វ ដែលមានជាតិដែកត្រូវតាមស្តង់ដារកំណត់នោះ គឺត្រូវមានការចូលរួមយ៉ាងសកម្មទាំងអស់គ្នា ទាំងផលិតករ ម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ី វ ពិសេសគឺមន្រ្តីរជំនាញ និង ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មន្រ្តីជំនាញត្រូវផ្សព្វ ផ្សាយ តាមដានចុះត្រួតពនិត្យឱ្យបានជាក់លាក់ រាល់ការផលិតរបស់សិប្បកម្មនីមួយៗ តើត្រូវតាមស្តង់ដារកំណត់ហើយឬនៅ? ៕