មេឈ្មួញបន្តដឹកកាងឈើចេញពីដែនអភិរក្សចូលស្រុកក្រូចឆ្មានាំចេញលក់បន្ត
TNM(ត្បួងឃ្មុំ)៖ប្រជាពលរដ្ឋនៅភូមិរកាខ្នុលស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបឈ្មួញឈើឈ្មោះចំរើនជាបន្ទាន់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤កុម្ភៈ ឆ្នាំ២០២១វេលាម៉ោង៣និង៤៥នាទីមានការដឹកជញ្ជូនតាមរ៉ឺម៉កខ្នាតយក្ស ពីរគ្រឿងដឹកចេញពីដែនអភិរក្សព្រៃឡង់ ក្នុងខេត្ត ក្រចេះ ឆ្លងកាត់ ភូមិរកាខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ បើតាមប្រជាពលរដ្ឋបានឲ្យដឹងមិនថាឈើដឹកតាម គោយន្ដឬ ឡានកែច្នៃនិង រ៉ឺម៉កនោះទេឲ្យតែឆ្លងកាត់ តាមឃុំរកាខ្នុល គឺមានមេឈ្មួញ ឈ្មោះចំរើន ជាអ្នកទទួល និងដឹកចេញ បន្តតាម ខេត្តត្បួងឃ្មុំ ឆ្លងចូល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីយកលក់បន្ត ។
ក្នុងនោះផងដែរក៏បានបញ្ជាក់ឲ្យដឹងថាដោយមេឈ្មួញ ឈើដុះស្លែ មានទំនាក់ទំនង ល្អជាមួយ លោកនង វន្នី នាយសង្កាត់ រដ្ឋបាលក្រូចឆ្មា រួមទាំង សមត្ថកិច្ចក្នុង ខេត្តត្បូងឃ្មុំ ផងនោះ ទើបបទល្មើស របស់មេឈ្មួញ ឈើឈ្មោះចំរើន តែងដឹកជញ្ជូន រាប់ឆ្នាំដោយ ពុំមានការបង្រ្កាបសោះឡើយ ។ ករណីបទល្មើស ដឹកជញ្ជូនឈើ ពីមេឈ្មួញ ឈ្មោះចំរើន ត្រូវបានគេ អះអាងថា សូម្បីលោកពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត ក៏រក្សាភាពស្ញៀមស្ងាត់ផងដែរ ទើបអាចដឹកឈើ ឆ្លងខេត្តបាន ដោយសុវត្ថិភាព ។
មានការរិះគន់ ចំៗឈ្មួញម្នាក់នេះក្រៅពីមានខ្នងបង្អែករឹងមាំគឺចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបាន។ពាក់ព័ន្ធនឹងករណីខាងលើសារព័ត៌មានបានទំនាក់ទំនងទៅនាយសង្កាត់រដ្ឋបាលក្រូចឆ្មាក៏ដូចជាប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានមិនអាចទាក់ទងសុំការពន្យល់បាននៅព្រឹកថៃ្ង០៦ខែកុម្ភៈ២០២១បានទេ។គួររំលឹកដែរថាលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីយកឈ្នះឲ្យបានលើ អ្នកផ្សំគំនិត និងអ្នកប្រព្រឹត្តិបទល្មើសព្រៃឈើ។ តាមលោក សៅ សុខា លោកនឹងមិនអន់ឱនដាច់ខាត គ្រប់ជនល្មើស ជនសង្ស័យ និងមន្ត្រីផ្សំគំនិតក្នុងសំណុំរឿងបទល្មើសព្រៃឈើ។ «ត្រឹមត្រូវ ការពារដាច់ក្បាលចោល ខុសប្រឆាំងដាច់ខាតកាត់ក្បាលក្រវាត់ចោល! អស់អាយូស ក៏ធ្វើដែរ ដើម្បីព្រៃឈើនៅសេសសល់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល គឺមានតម្លៃ។ សូមគ្រប់ខេត្តទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយបញ្ហានេះឲ្យបានច្បាស់ អាវុធហត្ថណាដែលប្រើឲ្យទៅធ្វើកិច្ចការនេះហើយ បែរជាទៅឆ្លៀតឱកាស ទៅផ្សំគំនិតជាមួយគេ យកលុយ ខ្ញុំរកឃើញគឺមុនគេបំផុត អនុវត្តនីតិវិធីទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ…»។នេះគឺជាការលើកឡើងយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកសៅ សុខា ដែលព្រមានចាត់វិធានាការលើគ្រប់បុគ្គល ដែលអាងខ្សែរយៈ ដើម្បីប្រព្រឹត្តិបទល្មើសព្រៃឈើ ឬ គ្រប់មន្ត្រីអាវុធហត្ថ ឬ មន្ត្រីរដ្ឋាភិបាលណា ដែលផ្សំគំនិតបង្កើតឲ្យមានការបំផ្លាញព្រៃឈើ ថ្លែងថា ក្រុមការពារល្បាតព្រៃ ត្រូវបានផ្តល់ប្រាក់លើកទឹកចិត្ត ក្នុងមួយថ្ងៃ ២ម៉ឺនរៀល បូករួមនឹងការហូបចុក ថ្លៃសាំងផ្សេងៗ ដើម្បីបង្ការកុំឲ្យទៅទទួលប្រយោជន៍ពីជនល្មើស។ ប៉ុន្តែប្រសិនបើធ្វើបែបនេះហើយ មន្ត្រីទាំងនោះ នៅតែល្មើស នោះលោកនឹងមិនអត់ឱនឲ្យនោះទេ៕