សន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow មានការចូលរួមពីមេដឹកនាំពិភពលោកជាង ១០០នាក់
ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង ១០០នាក់មកពីជុំវិញពិភពលោក រួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក អេម៉ានូអ៊ែល ម៉ាក្រុន បានចូលរួមនៅក្នុងសន្និសីទនៃភាគីរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) ដែលបានចាប់ផ្តើមធ្វើឡើងនៅទីក្រុង Glasgow កាលពីថ្ងៃអាទិត្យ។
នៅក្នុងដំណើរការសន្និសីទនោះ មានអ្នកចូលរួមប្រមាណ ២៥ ០០០នាក់មកពី ១៩៦ប្រទេសបានមកដល់ទីក្រុងដ៏ធំបំផុតមួយនេះរបស់ប្រទេសស្កុតឡែនសម្រាប់សន្និសីទដែលមានរយៈពេលពីរសប្តាហ៍ ដែលរួមមានទាំងបណ្តាមន្ត្រីរដ្ឋ អ្នកសារព័ត៌មាន សមាជិកនៃអង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនអាជីវកម្មផងដែរ។ មន្ត្រីប៉ូលីសប្រហែល ១០ ០០០នាក់នឹងបំពេញកាតព្វកិច្ចដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់។
ព្រឹត្តិការណ៍ COP26 នឹងមានសារៈសំខាន់ជាពិសេសដោយសារតែការពិតដែលថាវាត្រូវបានពន្យារពេលមួយឆ្នាំចំពេលដែលមានការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ ហើយអ្នករៀបចំបានទទួលស្គាល់ថាវាពិបាកក្នុងការច្របាច់បញ្ចូលនូវភារកិច្ច និងរបៀបវារៈនៃសន្និសីទពីរឱ្យទៅជាតែមួយ។ ក្រៅពីនេះ សន្និសីទនេះនឹងបូកសរុបលទ្ធផលនៃវដ្ដរយៈពេលប្រាំឆ្នាំ ដែលបានចាប់ផ្តើមនៅពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុត្រូវបានចុះហត្ថលេខាក្នុងកំឡុងព្រឹត្តិការណ៍ COP21 កាលពីក្នុងឆ្នាំ២០១៥។
អ្នករៀបចំ និងប្រទេសជាម្ចាស់ផ្ទះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរក្នុងការបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិថា កិច្ចព្រមព្រៀងកំពុងដំណើរការ និងបញ្ចុះបញ្ចូលអ្នកចូលរួមរបស់ខ្លួនឱ្យអនុវត្តកាតព្វកិច្ចថ្មីធំៗ (ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង)។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំកំពូលនេះ គេបានដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងមិនចូលរួមដោយផ្ទាល់នោះទេ។ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro និងប្រធានាធិបតីម៉ិកស៊ិកូ លោក Andres Manuel Lopez Obrador ក៏នឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Glasgow ដែរ៕
(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល