លោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ នៅខេត្តសៀមរាប ជាជនទី១០លាន ដែលបានចាក់វ៉ាក់សាំង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសថា ថ្ងៃនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បាន១០លាននាក់ហើយ ស្មើនឹង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង ហើយអ្នកចាក់វ៉ាក់សាំងទី១០លាន បានទៅលើលោកយាយ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង១០លាននាក់ ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើង នៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱយបានគ្រប់ៗគ្នា។
ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់ បានចាក់វ៉ាក់សាំងយើងក៏បានចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យអាយុ១២ទៅ១៨ឆ្នាំ បានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី៦ដល់១២បានចំនួន១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើង ចំនួន១៣.៧០៩.៤៨៧នាក់ស្មើរនឹង៨៥.៦៨%នៃ
ប្រជាជនសរុប១៦លាននាក់។
កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២ សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាជនយើងឱយខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រម៉ានជិត១០លានដូសនិងមានមនុស្សបានចាក់ វ៉ាក់សាំងដូសទី៣ ប្រមាណជិត២លាននាក់រួចមកហើយ។ វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។
ថ្ងៃស្អែក១វិច្ឆកា២០២១យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង៣០ម៉ឺននាក់បន្តទៀត។ ជាមួយនិងការកោតសសើរនិងថ្លែងអំណរគុណចំពោះ គ្រប់តួអង្គពាក់ព័ន្ធ ដែលបានចូលរួម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ.១៩ ខ្ញុំសូមអំពាវនាវបងប្អូនជនរួម ជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលពិសេសវិធានការ៣ការពារនិង៣កុំព្រោះថា វ៉ាក់សាំង តែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំង ក៍មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយះវិធានការ៣ការពារនិង៣កុំ។
លេខរៀងទី១០លានគឺបានទៅលើអុំស្រី ឈ្មោះសុខ ផាត់អាយុ៨៩ឆ្នាំរស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដែលខ្ញុំសូមអបអរសាទរ។
លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។ ខ្ញុំសូមជូនពរជូនបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើននិងចៀសផុតពីជំងឺកូវីដ-១៩ ៕