ការផ្តល់វ៉ាក់សាំងកូវីដ១៩របស់កម្ពុជាចំនួន២០ម៉ឺនដូស ជូនវៀតណាម គឺជាសក្ខីភាពជាក់ស្ដែង នៃការចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ សន្តិសុខសង្គម ចេញផ្សាយ ថ្ងៃទី 29 ខែ តុលា ឆ្នាំ 2021 74 MC ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានថ្លែងថា ការផ្តល់វ៉ាក់សាំងកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២០ម៉ឺនដូស ជូនរដ្ឋាភិបាលវៀតណាម គឺជាសក្ខីភាពជាក់ស្ដែង នៃការចូលរួមចំណែកទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ពិសេសជួយលើកកម្ពស់ ផ្នែកសុខុមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាមក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ថ្លែងក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងការពារកូវីដ-១៩ (ស៊ីណូហ្វាម) ចំនួន ២០០,០០០ដូស របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាតំណាងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ជំងឺកូវីដ១៩ ពិតជាមានការស្មុគស្មាញនិងប្រែប្រួលមិនប្រាកដប្រជា ដែលកំពុងក្លាយជាសត្រូវរួមទាំងអស់គ្នា ដែលត្រូវតែប្រយុទ្ធប្រឆាំងស្ថិតក្នុងស្មារតី សាមគ្គីភាពគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ រូបរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ ដែលកិច្ចខិតខំប្រឹងប្រែង រួមគ្នានេះ គឺពិតជាមានសារសំខាន់និងចាំបាច់បំផុតសម្រាប់ការឆ្លើយតប ចំពោះសុខភាពសាធារណៈជាសកលមួយនេះ។ លោកជំទាវ បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតនិងយុទ្ធសាស្ត្ររស់រវើក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងការប្ដេជ្ញាចិត្ត ដ៏មុតមាំ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការដឹកនាំរបស់រដ្ឋាភិបាលវៀតណាម ដែលបានដាក់ចេញនូវវិធានការ គ្រប់ជ្រុងជ្រោយ បត់បែនតាមសភាពការណ៍ជាក់ស្តែង និងវិធានការការពារដោយហ្មត់ចត់ព្រម ព្រមទាំងការត្រួតពិនិត្យ ក្នុងស្មារតី បុរេសកម្ម និងមានការគាំទ្ររបស់ប្រជាជននៃប្រទេសទាំងពីរ។ លោកជំទាវបន្តថា ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានបង្ហាញ កាន់តែច្បាស់ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិនអាចខ្វះបាន ប្រកបដោយការគោរពគ្នាទៅវិញទៅមក និងការអភិវឌ្ឍន៍រួមគ្នា ប្រកបដោយការធ្វើឱ្យបានល្អប្រសើរឡើង នូវសុខភាពសាធារណៈសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ សំឡេង៖ «ការសម្រេច ត្រឹមត្រូវប្រកបដោយទឹកចិត្ត មនុស្សធម៌ដោយពិតប្រាកដ និងការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតអំពីសុខភាព និង សុខុមាលភាពប្រជាជននៃប្រទេសជិតខាងកម្ពុជា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការផ្ដល់ជូនសាធារណរដ្ឋសង្គមនិយមវៀតណាមនូវវ៉ាក់សាំងកូវីដ១៩ចំនួន២០ម៉ឺនដូសនាពេលនេះ គឺជាសក្ខីភាពជាក់ស្ដែង នៃការចូលរួមចំណែកជួយដល់ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលវៀតណាម ឆ្ពោះទៅ រកការបង្កើតបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ដែលអាចជំរុញការស្ដារឡើងវិញជាបណ្តើរៗ នូវដំណើរការសង្គមសេដ្ឋកិច្ច និងឈានទៅរកការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី»។ លោកជំទាវបន្ថែមទៀតថា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែលើក ជារឿយរឿយថា កម្ពុជាជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ ដូច្នេះការសម្រេចចិត្តផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនសាធារណរដ្ឋ សង្គមនិយមវៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ច្បាស់ ពីសន្តានចិត្តដ៏ល្អប្រពៃ និងទូលំទូលាយរបស់សម្ដេចនាយករដ្ឋមន្ត្រី និងរបស់ប្រជាជនកម្ពុជាចំពោះប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របតាមពាក្យស្លោកថា ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក ហើយអំណោយមនុស្សធម៌នាឱកាសនេះ ក៏ជាសក្ខីភាពនៃ ចេតនាដ៏ជ្រាលជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និង កិច្ចសហប្រតិបត្តិការល្អជាប្រពៃណី ដែលថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានបណ្តុះនិងថែទាំ អស់រយៈពេលជាយូរកន្លងមកហើយ។ បន្ថែមពីលើសកម្មភាពមនុស្សធម៌នេះ កម្ពុជានាពេលនេះ ក៏បានបង្ហាញពីសន្ដានចិត្ដស្រឡាញ់ រាប់អាន ជួយគ្នាក្នុងគ្រាលំបាក ក្នុងនាមជាបងប្អូន មិត្តភក្តិ និងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ និងយូរអង្វែង។ ដូចនេះលោកជំទាវសង្ឃឹមថាជំនួយវ៉ាក់សាំង នឹងអាចជួយសម្រាលការលំបាក របស់វៀតណាម បានមួយកម្រិតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩សម្រាប់សុខភាពប្រជាជនវៀតណាម។ សូមបញ្ជាក់ថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្តល់អំណោយជាសម្ភារៈបរិក្ខារពេទ្យមួយចំនួន និងថវិកា២០ម៉ឺនដុល្លារ អាមេរិក ជូនដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជា ហើយកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយនិងសមាគមមិត្តភាពកម្ពុជាវៀតណាមក៏បានផ្តល់ថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួចហើយផងដែរ ៕ 74 ចែករំលែក