ប្រទេសកាណាដាចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន
នាយករដ្ឋមន្រ្តីរបស់ប្រទេសកាណាដា លោក Justin Trudeau បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកាណាដានឹងក្លាយជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះសម្រាប់គ្រប់ភាគី ជាពិសេសនៅក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងព្យាយាមចេញពីផលវិបាកដោយសារជំងឺរាតត្បាត។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចក្នុងទម្រង់និម្មិតមួយដែលរៀបចំឡើងដោយអាស៊ាន កាលពីថ្ងៃទី២៥ ខែតុលាថា ប្រទេសកាណាដាចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្លុកដែលមានសមាជិក ១០ប្រទេសនេះ។
ថ្លែងនៅក្នុងសារមួយដែលបានថតទុកជាមុន លោក Trudeau បាននិយាយថា កិច្ចព្រមព្រៀងមួយជាមួយអាស៊ាននឹងជួយដល់បណ្តាក្រុមហ៊ុន និងសហគ្រិនក្នុងការបង្កើតការតភ្ជាប់ និងទំនាក់ទំនងអាជីវកម្មនៅជុំវិញពិភពលោក។
លោកក៏បាននិយាយផងដែរថា កតិកាសញ្ញាមួយនេះនឹងផ្តល់ឱ្យវិនិយោគិននូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគនៅលើទីផ្សារអន្តរជាតិ និងការពារបណ្តាញខ្សែសង្វាត់ផ្គត់ផ្គង់ពីភាពមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
លោក Trudeau បាននិយាយថា «នៅពេលដែលយើងបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងនឹងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅជាមួយនឹងបណ្តាប្រទេសសេដ្ឋកិច្ចជាសមាជិកអាស៊ាន និងការធ្វើពិពិធកម្មពាណិជ្ជកម្មនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលវានឹងដើរតួយ៉ាងសំខាន់ក្នុងការជាស្តារឡើងវិញរបស់យើង»។
អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៦ របស់ប្រទេសកាណាដា។ ប្រទេសនេះមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកអាស៊ានចំនួន៤ គឺប្រទេសព្រុយណេ ម៉ាឡេស៊ី សិង្ហបូរី និងវៀតណាម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលត្រូវបានគេស្គាល់ថាជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ។
យោងតាមការវាយតម្លៃជាបឋមមួយរបស់រដ្ឋាភិបាលកាណាដាបានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន – កាណាដាអាចបង្កើនការនាំចេញទំនិញ និងសេវាកម្មរបស់កាណាដាដល់ប្លុកនេះបានដល់ ១៣,៣ភាគរយដែលមានតម្លៃ ២,៦៧ប៊ីលានដុល្លារអាម៉េរិក៕
(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល