ក្រសួងបរិស្ថាន បន្តកិច្ចសហការជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI)

នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom)។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំផ្តោតការពិភាក្សាពីកិច្ចសហការលើការអភិវឌ្ឍបៃតង ដោយផ្តោតលើវឌ្ឍនភាពការងារកន្លងមក និងទិសដៅបន្តពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដូចជា គម្រោងលើកកម្ពស់ការអនុវត្តថាមពលដោយនិរន្តរភាព នៅក្នុង វិស័យកាត់ដេរនៅកម្ពុជា, គម្រោងទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF), ការគ្រប់គ្រងសំណល់រឹង, និងនគរូបនីយកម្ម។

ប្រភពខាងលើបន្តថា ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងក្រសួងបរិស្ថាន និង GGGI លើកិច្ចសហការកន្លងមក ដែលកម្ពុជាបានទទួលផលប្រយោជន៍លើកិច្ចសហការនេះ និងបន្តកិច្ចសហការជាមួយ GGGI នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនភាគី GGGI លើវឌ្ឍនភាពរបស់កម្ពុជាក្នុងវិស័យបរិស្ថានដូចជា ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹង ការបង្កើនថាមពលពន្លឺព្រះអាទិត្យក្នុងថាមពលចម្រុះ ដោយបង្កើនការគិតគូរពីប្រភពថាមពលស្អាត និងថាមពលកកើតឡើងវិញ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លទ្ធភាពនៃការទាញយកសំណល់ទៅជាថាមពល និងការតាំងចិត្តរបស់កម្ពុជា ក្នុងការធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពបៃតងជាងមុន បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំបានទទួលលទ្ធផលសំខាន់ៗដូចតទៅ៖ ១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម។ ២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា។ ៣. ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។ ៤. កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូន សម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពល ដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប ៕

អត្ថបទដែលជាប់ទាក់ទង