ឯកឧត្តម ឃួង ស្រេង ហាមធ្វើចរាចរចំពោះរថយន្តធំដឹកធ្ងន់ ឆ្លងកាត់ផ្លូវលេខ២០A ខណៈមានទឹកហូរកាត់នៅយប់ថ្ងៃទី២៥ តុលានេះ

រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ចំពោះរថយន្តធំ រថយន្តដឹកធ្ងន់ឆ្លងកាត់ផ្លូវលេខ២០A ឡើយ ចាប់ពីម៉ោងនេះតទៅ តែអាចឱ្យធ្វើចរាចរបានចំពោះរថយន្តតូចៗ និងម៉ូតូ។ ការសម្រេចបែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនៅយប់ថ្ងៃ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ ខណៈដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមលឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់នៅលើផ្លូវលេខ២០A ។

កំណាត់ផ្លូវលេខ២០A ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវឆ្លងកាត់សង្កាត់រលួស និងសង្កាត់គងនយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ការសម្រេចមិនឱ្យមានការធ្វើចរាចរចំពោះរថយន្តធំៗ ដឹកទំនិញឆ្លងកាត់ផ្លូវលេខ២០Aនេះ គឺដោយសារស្ថានភាពជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។

ប៉ុន្តែទោះជាយ៉ាងណាក្តី នៅម៉ោង ១១យប់នេះ ឯកឧត្តម លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើនកន្លែងនៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយការលិចលង់ខ្លាំងនៅយប់នេះ។

បន្ទាប់មកនៅវេលាម៉ោង ១២និង៣០នាទីយប់ថ្ងៃដដែល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរមកពិនិត្យទ្វារទឹកនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ ទៀតមុនវិលទៅគេហដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង