រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌៖ កន្លងមកចៅក្រមប្រើឆន្ទានុសិទ្ធិឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យមិនប្រើនីតិវិធីច្បាប់ឱ្យទូលាយធ្វើឱ្យជនជាប់ឃុំនៅតាមពន្ធនាគារកកស្ទះ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា កន្លងមកនេះ ចៅក្រមបានប្រើឆន្ទានុសិទ្ធិរបស់ ខ្លួនឃុំខ្លួនជនសង្ស័យជាបណ្តោះអាសន្នមិនបានប្រើនីតិវិធីច្បាប់ឱ្យបានទូលំទូលាយនោះទេ ជាហេតុធ្វើឱ្យជនជាប់ឃុំពន្ធនាគារមានការកកស្ទះ។
យោងតាមសេចក្ដីណែនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ជម្រាបមកប្រធានសាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងរាធានី ខេត្តបានគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌បានដាក់ចេញ «យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្នុងគោលបំណងពន្លឿនការរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថ ភាពស្ថាប័នតុលាការក្នុងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានគូសបញ្ជាក់ទៀតថា ដើម្បីធានាឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ និងដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ និងសារាចរពាក់ព័ន្ធនានា ក្រសួងយុត្តិធម៌សូមធ្វើការណែនាំ អំពីគោលការណ៍នៅក្នុងដំណាក់កាលអយ្យការ៖ វិធីនៃការចោទប្រកាន់ចំពោះបទល្មើស ព្រហ្មទណ្ឌ មានចែងនៅក្នុងមាត្រា ៤៣ និងមាត្រាពាក់ព័ន្ធ បន្តបន្ទាប់នៃក្រមនីតិវិធី ព្រហ្ម ទណ្ឌ។ យោងតាមមាត្រា ៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ វិធីចោទប្រកាន់ចំពោះ បទល្មើស ព្រហ្ម ទណ្ឌរួមមាន៖ (១)-ការបើកការស៊ើបសួរ (២)-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ និង(៣)-ការបង្ហាញខ្លួនភ្លាម។
ឯកឧត្តមបានបន្ថែមថា “កន្លងមក ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា អយ្យការអមសាលាដំបូងរាជធានី ខេត្ត ពុំសូវបានប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈិម តាមរយៈការ បញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាមនោះទេ។ ក៏ប៉ុន្តែតែងប្រើវិធី ចោទប្រកាន់ចំពោះបទល្មើសប្រភេទនេះ តាមរយៈការបើកការស៊ើបសួរ ដែលជាបច្ច័យ នាំឱ្យមានការកើនឡើងជាច្រើននូវសំណុំរឿងនៅក្នុងដំណាក់កាលស៊ើបសួរ”។
ឯកឧត្តមរដ្ឋមន្ត្រីបាន លើកឡើងទៀតថា ដើម្បីអនុវត្តន៍យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាម សាលាដំបូងរាជធានី ខេត្ត ជាពិសេសការកាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងដំណាក់ កាលស៊ើបសួរ ក្រសួងយុត្តិធម៌សូមធ្វើការណែនាំ និងលើកទឹកចិត្តឱ្យអយ្យ ការអមសាលាដំបូងរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់អាទិភាពប្រើវិធីចោទ ប្រកាន់ចំពោះបទមជ្ឈិម តាមរយៈការបញ្ជូនទៅជំនុំជម្រះផ្ទាល់ បង្ហាញខ្លួនភ្លាម ដោយផ្អែកតាមអង្គហេតុនៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានលើកឡើងអំពីគោលការណ៍នៅក្នុងដំណាក់កាលស៊ើបសួរ គោលការណ៍នៃការឃុំខ្លួនបណ្តោះអាសន្ន មានចែងនៅក្នុងមាត្រា ២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ យោងតាមស្មារតីនៃមាត្រា ២០៣ នេះ ជាគោលការណ៍ ជនត្រូវចោទត្រូវតែមានសេរីភាព ហើយក្នុងករណីពិសេស ជនត្រូវចោទអាចត្រូវឃុំខ្លួន បណ្តោះអាសន្នក្នុងលក្ខខណ្ឌដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
ទន្ទឹមនេះ ក្រម នីតិវិធីព្រហ្មទណ្ឌក៏ចែងផងដែរអំពីការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលជាវិធានការនិរន្តរាយមួយដែលអាចយកទៅប្រើ ដើម្បីធានាដល់ដំណើរការនីតិ វិធីស៊ើបសួរ ជំនួសឱ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន តាមរយៈការដាក់ជនត្រូវចោទ ឱ្យជា ប់កាតព្វកិច្ចមួយចំនួន ដូចមានចែង ក្នុងមាត្រា ២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លើសពីនេះទៀត កន្លងមក ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា វិធានការនៃការដា ក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ពុំសូវត្រូវបានប្រើឱ្យបានទូលំ ទូលាយស្របតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌនៅឡើយទេ ហើយជាទូទៅ ចៅក្រមស៊ើប សួរបានប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចជ្រើសយកការឃុំខ្លួនបណ្តោះអាសន្ន ជាវិធានការនិរន្តរាយ ដើម្បីធានាដល់ដំណើរការនៃការស៊ើបសួរ ដែលជាកត្តារួមចំណែកនាំឱ្យមានការកើន ឡើងនៃជនជាប់ឃុំនៅតាមពន្ធនាគារ។
ដើម្បីអនុវត្តន៍យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ជាពិសេស ចូលរួមចំណែកក្នុងការ កាត់បន្ថយ ភាពចង្អៀតណែននៅតាម ពន្ធនាគារ ក្រសួងយុត្តិធម៌សូមធ្វើការ ណែនាំចំពោះការអនុវត្តវិធានការនិរន្តរាយនៅក្នុង ដំណាក់កាលស៊ើបសួរ គឺចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ក្នុងការពន្លឿនការអនុវត្តនីតិវិធីស៊ើបសួររបស់ខ្លួនឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុស ត្រូវចំពោះមុខច្បាប់ និងស្របតាមស្មារតី នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ចៅក្រមស៊ើបសួរ គប្បីយកចិត្តទុកដាក់ប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមមាត្រា ២០៣ និង មាត្រា ពាក់ព័ន្ធបន្តបន្ទាប់ នៃក្រមនីតិវិធីព្រហ្មទណ្ឌទាក់ទងនឹងការឃុំខ្លួន បណ្តោះអាសន្ន ជាពិសេសស្មារតីនៃការ គោរពគោលការណ៍សេរីភាពជាចម្បង និងគោលការណ៍សន្មត ទុកជាមុនថាគ្មានទោស។
ឯកឧត្តមរដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា “ការឃុំខ្លួនបណ្តោះអាសន្ន គប្បីត្រូវបានប្រើសម្រាប់តែចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរ ហើយក្នុងលក្ខខណ្ឌដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេស ក្នុងករណី ដែលការ ឃុំខ្លួនបណ្ដោះអាសន្ននោះ គឺជាមធ្យោបាយតែមួយគត់ និងចាំបាច់ដើម្បីធានាដល់ដំណើរការ នៃការស៊ើបសួរប៉ុណ្ណោះ”។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងយុត្ដិធម៏បានលើកទឹកចិត្តឱ្យចៅក្រមស៊ើបសួរប្រើឱ្យអស់លទ្ធភាព និងឱ្យបានទូលំទូលាយ ដោយផ្អែកតាមអង្គហេតុជាក់ស្តែងនៃសំណុំរឿងនីមួយៗ ក្នុងការសម្រេចជ្រើសយកការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ជាវិធានការនិរន្តរាយ ជំនួសឱ្យវិធានការនៃការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីធានាដល់ដំណើរការ នៃការស៊ើបសួរ ស្របតាមបញ្ញត្តិចាប់ពីមាត្រា ២២៣ ដល់ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ជាពិសេសចំពោះបទមជ្ឈិមដែលមិនមានភាពស្មុគស្មាញ និងមិនធ្ងន់ធ្ងរ៕