អាជ្ញាធរខណ្ឌកំបូល ត្រៀមសង្គ្រោះប្រជាពលរដ្ឋ ពីជំនន់ទឹកភ្លៀងនៅតាមទំនប់សណ្តស្ទឹងព្រែកត្នោត ស្ថិតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង

យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅសង្កាត់បឹងធំ និងសង្កាត់ប្រទះឡាង ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ចំពោះហានិភ័យទឹកសណ្ដស្ទឹងព្រែកត្នោត ហក់ឡើងលើសកម្រិតប្រកាសអាសន្ន ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តល់ជូនតាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅភូមិដូនកុក និងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ សរុបចំនួន២១០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ ក្រាម មីចំនួន១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ។

ក្នុងឱកាសនោះផងដែរ ក្នុងនាមរដ្ឋបាលខណ្ឌកំបូល លោកអភិបាលខណ្ឌ បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងទទួលរងនូវការជនលិចភូមិឋាន សូមមេត្តាថែរក្សាសុខភាពឱ្យបានល្អ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ត្រូវមើលថែទាំកុមារតូចៗ ចាស់ជរាដែលរស់នៅក្នុងបន្ទុក ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសនានា ក្នុងអំឡុងពេលដែលស្ថានភាពទឹកកំពុងតែមានការហក់ឡើងគួរឱ្យបារម្ភ ៕

អត្ថបទដែលជាប់ទាក់ទង