សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ ដែលព្រះរាជាណាចក្រព្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ នៃកិច្ចប្រជុំកំពូល។ នេះបើយោងតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជា។ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាព មីយ៉ាន់ម៉ា បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សាទៅលើរបៀបវារៈគ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពីព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ចំនួន២ ក្នុងនោះរួមមានទី១. ការកសាងសហគមន៍អាស៊ាន និងទី២. ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន២ ទី១. ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន និងទី២. ការផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។ ដូចគ្នាបណ្តាមេដឹកនាំអាស៊ាន ដទៃទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានធ្វើបទ អន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមក បានក្លាយជាវិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ទាំងសម្រាប់អាស៊ានទាំងមូល និង ទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។ មកដល់ពេលនេះ យើងអាចវាយតម្លៃបានថា អាស៊ាន នឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយ ប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។
សម្ដេចតេជោបានលើកឡើងថា ជាទិសដៅទៅមុខ ការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារ និងការអភិវឌ្ឍវិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយៈការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិ សម្រាប់ក្រុមការងារជាន់ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។
ក្នុងសុន្ទរកថាគន្លឹៈដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹៈ គួបផ្សំនឹងវិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងជូនដល់ប្រជាពលរដ្ឋ ១៣លាន ៧សែននាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដ១៩នៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លងប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះដែរ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម មាន៩ចំណុច ក្នុងនោះ ១-រម្លឹកឡើវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និងភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។
២-បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់ និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ៣-ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយៈយន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាប័ន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល។
៤-បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គុទេសក៏សម្រាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។ ៥- រម្លឹកឡើងវិញអំពីការ គាំទ្រដ៏រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយៈការចូលជាធរមានឱ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។ ៦-លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។
៧- ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណៈសកលរបស់យើង និងឆ្ពោះទៅរកការធានាឱ្យបាន នូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឱ្យវ៉ាកសាំងកូវីដ-១៩ ជាទំនិញសាធារណៈសកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ។ ៨- លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥។ ៩- ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការ សម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាង សហគមន៍នៅ ក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បន្ថែមទៀត អំពីមជ្ឈភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឱ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅតំបន់និងក្រៅតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕