ប្លង់មេនិងផែនការអភិវឌ្ឍន៍ វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័ត
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានឱ្យដឹងថា ប្លង់មេនិងផែនការអភិវឌ្ឍន៍វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ស្ថិតនៅក្នុងឧទ្យានជាតិព្រះ មុនីវង្សបូកគោ ភូមិសាស្ត្រសង្កាត់ ព្រែកត្នោត ខេត្តកំពត ត្រូវបាន ដាក់ឆ្លង និងអនុម័ត នៅក្នុងកិច្ចប្រជុំពិនិត្យ កាលពីថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ២០២១ នេះ ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជឿជាក់ថា គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិខ្នាតតូចនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង និងមានជម្រើសកាន់តែច្រើន ចូលរួមបង្កើតការងារ និង បង្កើនជីវភាព ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយយ៉ាងសំខាន់ នៃទេសចរណ៍កម្ពុជា ហើយតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះដែលកំពុងត្រូវបានការពារបាន យ៉ាងល្អប្រសើរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងបរិការណ៍នៃការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នេះ។
ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរបានដើរកម្សាន្តច្រើន នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងប្រទេសកម្ពុជា និងបាននាំចូលសេដ្ឋកិច្ចជាច្រើនទៅមូលដ្ឋាន និងបង្កើតការងារថ្មីជូនពលរដ្ឋ ដែលជាផ្នែកមួយនៃ ការចូលរួមពង្រឹងលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើង បានផ្តល់តម្លៃខ្ពស់ដល់តំបន់ទេសចរណ៍ធម្មជាតិ និងមានមោទកភាពចំពោះសម្បត្តិ ធនធានរបស់កម្ពុជា ជាពិសេសតាមរយៈដំណើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា រូបភាព និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅតាមបណ្តាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយនានា ដែលបានចូលរួមកាន់តែខ្លាំងថែមទៀត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងបានចូលរួមថែរក្សាការពារនូវទេសភាព និងសម្បត្តិធម្មជាតិទាំងនេះ សម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕