អាជ្ញាធរជាតិអប្សារាបង្កើនការគ្រប់គ្រងដើមឈើដែលមានហានិភ័យខ្ពស់ នៅតំបន់ប្រាសាទ ក្នុងឧទ្យានអង្គរ

MC.ក្រុមការងារ អាជ្ញាធរជាតិអប្សរា កំពុងធ្វើការងារជាច្រើន ក្នុងបេសកកម្មគ្រប់គ្រងដើមឈើ ដែលមានហានិភ័យខ្ពស់តាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទឡើយ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងព្រៃឈើនៅតំបន់ឧទ្យានអង្គរ ទាំងការងារដាំដុះឡើងវិញ ការថែទាំ និងការពិនិត្យមើលដើមឈើ ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ ដល់ប្រាសាទ និងមនុស្សជាដើម។ លោកបន្តថា ចំពោះដើមឈើណា ដែលពិនិត្យមើលដោយអ្នកជំនាញឃើញថា កំពុងមានជំងឺ នឹងធ្វើការព្យាបាលឱ្យអស់លទ្ធភាព ដើម្បីរក្សាទុក ដើមឈើនោះ ប៉ុន្តែបើសិនក្នុងករណីពិនិត្យឃើញថា មិនអាចព្យាបាលបាននោះ ត្រូវ ដកហូតចេញភ្លាម ដើម្បីកាត់បន្ថយហានិភ័យនៅថ្ងៃខាងមុខ។

លោកបន្តទៀតថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២១នេះ អ្នកជំនាញអាជ្ញាធរជាតិ បានកាត់ក្រី និងដកហូតដើមឈើ ដែលមានហានិភ័យ ដល់ប្រាសាទ និងមនុស្ស បានប្រមាណ៩០០ដើមមកហើយ។ តែដោយឡែកនៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុក៏បង្កឱ្យដើមឈើតូចធំ មួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់ មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់ផងដែរ។

ការគ្រប់គ្រងហានិភ័យដើមឈើ នៅក្នុងតំបន់រមណីយ ដ្ឋានអង្គរ ជាពិសេសតំបន់ប្រាសាទ ដែលបច្ចុប្បន្ននេះយើងមានការប្រឈមខ្លាំង ទាក់ទងនឹងដើមឈើ ហើយវាអាចប៉ះពាល់ដល់មនុស្សទៀត ដូច្នេះយើងត្រូវធ្វើការឱ្យបានហ្មត់ចត់ទាក់ទងនឹងដើមឈើ មុននឹងយើងដកហូតឬកាត់ក្រី យើងមានអ្នកជំនាញពិនិត្យច្បាស់លាស់ណាស់ មានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ អ្នកជំនាញពន្យល់ច្បាស់ថាដើមឈើហ្នឹងត្រូវកាត់ក្រីឬដកហូត មូលហេតុអ្វីយើងបញ្ជាក់ជូន តែយើងសម្រេចចិត្តចុងក្រោយហើយ រឿងដកហូតហ្នឹង យើងព្យាបាលវាសិន ដើមឈើដែលមានហានិភ័យហ្នឹងបានជាង៩០០ដើមហើយ ទាំងកាត់ក្រីមែក និងដកហូត ប៉ុន្តែ ចំនួននេះភាគច្រើនគឺកាត់ក្រីមែក។

សូមជម្រាបផងដែរថា ចាប់តាំងពីឆ្នាំ២០០៤មក អាជ្ញាធរជាតិអប្សរា ក្រៅពីខិតខំថែរក្សា និងព្យាបាលដើមឈើ ដែល មានស្រាប់ គឺបានដាំដើមឈើបន្ថែមសរុបជាង ២លានដើមមកហើយ ក្នុងតំបន់អង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា មានក្រុមជំនាញសម្រាប់ព្យាបាលដើមឈើដែល មានជំងឺ ឬពុកផុយជាដើម ។ គោលដៅសម្រាប់ការងារនេះ គឺព្យាយាមទុកដើមឈើនោះឱ្យអស់លទ្ធភាព មុននឹងសម្រេចឈានដល់ការកាត់ដកហូតចេញ ចៀសវាងបង្កគ្រោះថ្នាក់ ដួលរលំសង្កត់ប្រាសាទ ឬមនុស្ស ជាពិសេសអ្នកដែលមកទស្សនាប្រាសាទ។ ក្នុងមួយឆ្នាំៗ ដើមឈើមានហានិភ័យមួយចំនួន ត្រូវបានកាត់ក្រី និងកាត់ដកហូតចេញដោយអ្នកជំនាញ ហើយដែលអាជ្ញាធរជាតិអប្សរាតែងតែជូនដំណឹងដល់សាធារណៈជនជ្រាបជាមុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង