ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់និងពិភពលោករយៈពេល៩ខែនេះ សរុបចំនួន ៤១០ ៦៩៨ តោន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២០.១០.២០២១

ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់និងពិភពលោករយៈពេល៩ខែនេះ សរុបបានចំនួន ៤១០ ៦៩៨តោន មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយ សារជួបបញ្ហាប្រឈមធំៗជាច្រើន។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧តោន ( -១៥,៩៧ភាគរយ ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥តោន ។

តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចម្បងធំៗរហូតដល់៣ចំណុច មានដូចខាងក្រោម ៖

(១)-បញ្ហាការដឹកជញ្ជូនតាមកប៉ាល់បានឡើងថ្លៃយ៉ាងខ្លាំង ដែលបាននិងកំពុងដាក់សម្ពាធលើការនាំចេញអង្កររបស់កម្ពុជា។ តម្លៃនៃការដឹកជញ្ជូនបានកើនពី៥ទៅ៦ដង ឬ ពី ១៥០០ដុល្លារ ទៅ ៧០០០-៨០០០ ដុល្លារក្នុង១កុងតឺន័រ (២០ហ្វីត) ដែលតម្លៃដឹកជញ្ជូនពេលនេះស្ទើរតែស្មើនឹងតម្លៃអង្ករ១កុងតឺ ន័រ ដែលជាហេតុធ្វើឱ្យអ្នកទិញ មិនបង្ខំ ឬ ដាក់បញ្ជាទិញច្រើន ព្រោះខ្លាចពេលតម្លៃការដឹកជញ្ជូនចុះថោក ហើយស្តុកចាស់លក់មិនអស់នាំឱ្យខាតបង់ធ្ងន់ធ្ងរ ការបញ្ជាទិញសម្រាប់តែតម្រូវការទីផ្សារជាក់ស្តែង មិនស្តុកទុកច្រើន ។

(២)-ការដឹកជញ្ជូនក៏ជួបបញ្ហាកង្វះទូរកុងតឺន័រផ្ទុកទំនិញចំណុះ២០ហ្វីត (ជាស្តង់ដារទូរកុងតឺន័រផ្ទុកអង្ករចេញពីកម្ពុជា) ដោយសំបកកុងតឺន័រប្រភេទនេះភាគច្រើនបានជាប់គាំងនៅតាមកំពង់ផែ និងទីលាននានាក្នុងសហគមន៍អ៊ឺរ៉ុប ដោយសារការរីករាលដាលកូវីដ-១៩ បានធ្វើឱ្យខ្សែច្រវាក់ដឹកជញ្ជូននៅក្នុងទីផ្សារសហគមន៍អ៊ឺរ៉ុបរាំងស្ទះ (ខ្វះកម្មករនិងអ្នកបើកឡាន ដឹកកុងតឺន័រជាដើម) ។

(៣)-មិនមាន Shipping Space គ្រប់គ្រាន់សម្រាប់ដឹកអង្ករចេញ ដោយសារអង្ករជាទំនិញធ្ងន់។ ក្រុមហ៊ុនកប៉ាល់មានជើងធ្វើដំណើរចំនួនតិចជាងមុន ដោយក្រុមហ៊ុនកប៉ាល់ផ្តល់ជម្រើសដឹកទំនិញស្រាលច្រើន ហើយទំនិញធ្ងន់ដូចជាអង្ករមានចំនួនកំណត់មួយ ។ ជាក់ស្តែង កម្ពុជាត្រូវការSpaceលើកប៉ាល់ចន្លោះពី ៣៥០ ទៅ ៤០០ ទូរកុងតឺន័រក្នុងមួយសប្តាហ៍សម្រាប់ពីកំពង់ផែមេ ដូចជា សិង្ហបូរី ទៅកាន់កំពង់ផែនៅសហគមន៍អ៊ឺរ៉ុប តែការផ្តល់ឱ្យសម្រាប់អង្ករ ឬទំនិញធ្ងន់ដទៃទៀតបានត្រឹមតែ ១០០ ទៅ ១៥០ ទូរកុងតឺន័រតែ ប៉ុណ្ណោះក្នុងមួយសប្តាហ៍ ។

(៤)-ព្រមគ្នាជាមួយនឹងបញ្ហាប្រឈមក្នុងការដឹកជញ្ជូនខាងលើនេះ ការនាំចេញអង្ករក៏បាននិងកំពុងរងឥទ្ធិពលនៃការធ្លាក់ ចុះតម្លៃទីផ្សារពិភពលោកនៃអង្ករក្រអូបផងដែរ ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តម្រូវការទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាគំហុក ដែលនាំឱ្យតម្លៃអង្ករក្រអូបនៅ លើពិភពលោកបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងប្រភេទអង្ករសធម្មតា គឺពីជាង ៨០០ ដុល្លារក្នុងតោន ធ្លាក់មកត្រឹម ៦៥០ ដុល្លារក្នុងតោន ។

គួរកត់សម្គាល់ថា ប្រមាណ៨០ ភាគរយនៃបរិមាណអង្ករនាំចេញ របស់កម្ពុជា ជាប្រភេទអង្ករក្រអូប ៕

អត្ថបទដែលជាប់ទាក់ទង