សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអនុវត្តគោលការណ៍បដិការចំពោះការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកម្ពុជានិង ថៃ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការអនុវត្តគោលការណ៍បដិការចំពោះការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ។ ករណីបើអ្នកដំណើរពីព្រះរាជាណាចក្រកម្ពុជាទៅព្រះរាជាណាចក្រថៃមិនតម្រូវឱ្យធ្វើចត្តាឡីស័កទេ នោះអ្នកដំណើរពីព្រះរាជាណាចក្រថៃមកព្រះរាជាណាចក្រកម្ពុជា ក៏មិនតម្រូវឱ្យធ្វើចត្តាឡីស័កដែរ។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងពិនិត្យមើលលទ្ធភាពក្នុងការបើកជើងហោះហើរបន្ថែមទៀត ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ជាអាទិ៍ ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វ៊ីលីពីន ដើម្បីបើកទទួលភ្ញៀវទេសចរនិងអ្នកវិនិយោគ ព្រោះការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាអនុវត្តន៍បានល្អ ព្រមទាំងបានកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញចូលកម្ពុជា ដែលជាផ្នែកមួយនៃការទាក់ទាញ និងឈានដល់ការរៀបចំបើកឡើងវិញនូវទេសចរណ៍សុវត្ថិភាពឬទេសចរណ៍វ៉ាក់សាំង ដែលគាំទ្រដល់ការអនុវត្តចក្ខុវិស័យនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការវិស័យអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ ចំពោះការបង្រៀននិងរៀនតាមបណ្ដុំ សម្រាប់គ្រឹះស្ថានសាធារណៈនិងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី ខេត្តទាំងអស់។ ជាងនេះទៀត រាជរដ្ឋាភិបាលនឹងផ្ដល់ភាពម្ចាស់ការទទួលខុសត្រូវក្នុងការធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះក្រសួង ស្ថាប័ន សាលារៀន ទីផ្សារ រោងចក្រ សហគ្រាស ភូមិ ឃុំ និងសង្កាត់។ ករណីបុគ្គលណាមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ប៉ុន្តែមានអាការៈធម្មតានិងគ្មានរោគសញ្ញា គឺត្រូវទៅព្យាបាលដោយខ្លួនឯងនៅផ្ទះ។ ប្រសិនបើលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ហើយមានអាការៈឈឺ ត្រូវជូនបុគ្គលនោះទៅព្យាបាលនៅមន្ទីរពេទ្យឬតាមមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលរដ្ឋបានរៀបចំ និងមិនមានការបិទទីតាំងក្រសួង ស្ថាប័ន សាលារៀន ទីផ្សារ រោងចក្រ សហគ្រាស ភូមិ ឃុំ និងសង្កាត់ ទាំងស្រុងដូចពេលមុន ដើម្បីធ្វើចត្តាឡីស័កទៀតឡើយ។
ក្រសួងសុខាភិបាលនិងរដ្ឋបាលរាជធានី ខេត្ត ត្រូវបញ្ឈប់ការយកសំណាកជំងឺកូវីដ-១៩លើសពដែលបានស្លាប់ដោយសារជំងឺឬមូលហេតុផ្សេងទៀតដែលមិនមែនជាជំងឺកូវីដ-១៩ នៅក្រៅមន្ទីរពេទ្យឬនៅក្នុងមន្ទីរពេទ្យ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងដែរថា សម្ដេច នឹងអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងសម័យប្រជុំរដ្ឋសភា នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។ ទន្ទឹមនេះ សម្ដេចតេជោ នឹងអញ្ជើញជាអធិបតីភាពដោយផ្ទាល់ ក្នុងការសម្ពោធសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល មានជាអាទិ៍ អគារ ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ពានមិត្តភាពកម្ពុជា-ចិន នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងក្រុងព្រះសីហនុ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអបអរសាទរ ចំពោះលទ្ធផលនៃការធ្វើអាជីវកម្មរ៉ែមាសក្នុងរយៈពេល៣ខែកន្លងទៅនេះ ដែលព្រះរាជាណាចក្រកម្ពុជាផលិតលោហៈមាសបានជាង៧០០គីឡូក្រាម៕ ដោយ៖ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល