កិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា និង សហរដ្ឋអាមេរិកលើវិស័យសំខាន់ៗ នឹងពង្រីកឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ
ភ្នំពេញ÷សម្តេចក្រឡាហោម បានលើកឡើងថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ កម្ពុជា និង សហរដ្ឋអាមេរិកនៅលើវិស័យសំខាន់ៗ នឹងពង្រីកឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទវិបត្ដិជំងឺកូវីដ១៩។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើមនោះ នឹងបន្តបង្កើតបាននិងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ាន និងសកលលោកទាំងមូលផងដែរ ។
សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា និងការផ្លាស់ប្ដូរមតិយោបល់ដ៏មានសារសំខាន់ដែលនឹងរួមចំណែកបម្រើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ព្រមទាំងបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។សម្ដេចបន្តថា ការប្រែក្លាយបញ្ហាឱ្យទៅជាឱកាស គឺពិតជាមានភាពចាំបាច់ណាស់ក្នុងស្ថានភាពបច្ចុប្បន្នដែលត្រូវរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី ។ សម្ដេចក៏បានបង្ហាញភាពរីករាយ ក្នុងការពិភាក្សាការងារផ្សេងៗនាជំនួបពេលនេះ ដើម្បីស្វែងរកឱកាស ក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានា សំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គម ទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩ ព្រមទាំងការគាំទ្រនានាដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ខាងមុខ ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បាន អំពាវនាវ និងជំរុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើវិស័យដែលមាន សក្ដានុពលនានានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន៨ បាន បញ្ចេញយោបល់ផ្សេងៗក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត រវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងវិស័យនានារវាងក្រុមហ៊ុនទាំងនោះជាមួយកិច្ចការ ដែលស្ថិតក្រោមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃកម្ពុជា ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុនPernod Ricard ក្រុមហ៊ុន Bell ក្រមហ៊ុន Visa និងក្រុមហ៊ុន Walmart ៕




