យុត្តិធម៌ត្រូវតែមាន ! អយ្យការអមសាលាដំបូងខេត្តកោះកុង ចុះអនុវត្តសាលដីការស្ថាពរជូន លោក ទូច ស្រួយ បន្ទាប់ពីបានឈ្នះក្ដីលើ សហដើមចោទ នៅតុលាការកំពូល

កាលពីព្រឹកម៉ិញនេះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះ អនុវត្តសាលដីកាលេខ ២១៩ “ខ” ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៣៨ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់តុលាការកំពូល ដែលទាក់ទងនិងរឿងដីក្នុងប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចំនួន ៥៣ប័ណ្ណ ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ហើយក៏សូមចូលរួមអបអរសាទរនូវការចុះអនុវត្តសាលដីការស្ថាពរជូន លោក ទូច ស្រួយ នៅព្រឹកម៉ិញនេះ ហើយក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី រួមជាមួយមន្រ្តីមូលដ្ឋាន និងកងកម្លាំងជាសមត្ថកិច្ចជាច្រើនស្ថាប័នផងដែរ។ បន្ទាប់ពីបានតទល់គ្នាទៅតាមផ្លូវតុលាការអស់រយៈពេលជាច្រើនឆ្នាំ រវាងសហដើមចោទឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត, ឆាយ ប្រុស និងចុងចម្លើយឈ្មោះ ទូច ស្រូយ ទាក់ទងនិងរឿងដីក្នុង ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង តុលាការកំពូលបានរកឃើញថា លិខិតផ្ទេរសិទ្ធិរបស់សហដើមចោទ មិនអាចយកមកតតាំងជាមួយប័ណ្ណសំគាល់សិទ្ធិកាន់កាប់របស់ចុងចម្លើយ ឈ្មោះ ទូច ស្រូយ បានទេ ពីព្រោះថា លិខិតផ្ទេរសិទ្ធិរបស់ ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស គឺធ្វើឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៦។ ឯចំណែកប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីចុងចម្លើយ ឈ្មោះ ទូច ស្រូយ គឺអាជ្ញាធរមានសមត្ថកិច្ចបានទទួលស្គាល់ត្រឹមត្រូវតាមទម្រង់នៃច្បាប់ភូមិបាល តាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៤ មុនកាលបរិច្ឆេទនៃលិខិតផ្ទេរសិទ្ធិរបស់ដើមចោទប្រហែលជិត ១០ឆ្នាំ ហើយប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីនេះ គឺមានឋានានុក្រម គតិយុត្ត តាមច្បាប់ភូមិបាលខ្ពស់ជាងលិខិតផ្ទេរសិទ្ធិរបស់ដើមចោទ។ ដូច្នេះការទិញ-លក់ដីទំនាស់រវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុសនិងអ្នកលក់ដី គឺជាការលក់-ទិញដីលើដីដែលមានម្ចាស់កម្មសិទ្ធិរួចទៅហើយ។ លើសពីនេះទៅទៀត តាមរយៈលិខិតផ្ទេរសិទ្ធិការលក់-ទិញដីរវាងឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត ឆាយ ប្រុស និងភាគីអ្នកលក់ដី គឺធ្វើឡើងពុំស្របតាមស្មារតីមាត្រា ៦៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដោយហេតុថា នៅក្នុងលិខិតផ្ទេរសិទ្ធិលក់-ទិញដីខាងលើពុំមានចុះតម្លៃលក់-ទិញដីទេ។ ដូច្នេះតុលាការកំពូលបានសម្រេចអោយ ឈ្មោះ ទូច ស្រូយ ឈ្នះក្ដីលើដើមបណ្ដឹង ឈ្មោះ ម៉ា សុវណ្ណា, សៀង សំអាត និង ឆាយ ប្រុស នឹងបានចេញរូបមន្តអនុវត្ត លិខិតបញ្ជាក់ការចូលជាស្ថាពរនៃសាលដីកាលេខ២១៩ ជូនលោក ទូច ស្រូយ ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង