រដ្ឋសភាកម្ពុជា និងអង្គការ UPF ចុះហត្ថលេខាលើពិធីសារសំខាន់ៗពីរដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហព័ន្ធសន្តិភាពសកល( UPF) នៅរសៀលថ្ងៃ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ បានចុះហត្ថលេខាលើពិធីសារសំខាន់ៗ ចំនួន ពីរ។
ការចុះហត្ថលេខានេះបានប្រព្រឹត្តទៅរវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ជាមួយលោកបណ្ឌិត Yun Young-ho ប្រធានប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation -UPF) និងជាអគ្គនាយកស្នាក់ការកណ្តាលអង្គការ UPF នៅវិមានរដ្ឋសភា។
ពិធីចុះហត្ថុលេខាលើពិធីសារសំខាន់ៗចំនួន ២នេះ គឺទី១- ពិធីសារស្តីពីការសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំ នៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធសន្តិភាពសកល (UPF) នឹងសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ។ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍនៅអាស៊ីឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជាទូទៅ ។ ទី២- ពិធីសារនៃកិច្ចសហប្រតិបត្តិការស្តីពីគម្រោងអភិវឌ្ឍន៍ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍទន្លេមេគង្គលើវិស័យ រួមមាន៖ វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ការអភិវឌ្ឍដែលផ្តោតលើប្រជាជន កសិកម្ម វារីវប្បកម្ម នវានុវត្តន៍ ការអប់រំ វប្បធម៌ ជាដើម។
ក្នុងជំនួបសម្តែងការគួរសម និងចុះហត្ថលេខានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍លើកឡើង អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះ មកលើប្រទេសកម្ពុជា ក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ លោកជំទាវបានរម្លឹកនូវកិច្ចសហការ និងភាពជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩ (APS-2019) កាលពីឆ្នាំ២០១៩កន្លងទៅនេះ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។
លោកជំទាវក៏បានលើកឡើងនូវទឹកចិត្តដ៏សប្បុរសធម៌របស់ UPF ដោយបានចូលរួមចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ អង្ករចំនួន ១០០តោន និងថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក តាមរយៈក្រុមប្រឹក្សាវប្បធម៌អាស៊ី ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយស ACC បានសម្រេចបង្វែរជូនទៅ « សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)» ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងបេសកកម្មសង្គ្រោះបន្ទាន់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានកសាងមន្ទីពេទ្យ និងមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ-១៩ ចំនួន ៥១កន្លែង កាលពីខែ ឧសភា កន្លងទៅ។ លោកជំទាវបានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI ) ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា “លេខាធិការដ្ឋា នស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក” កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ។ លោកជំទាវ ក៏បានសង្កត់ធ្ងន់នូវតម្លៃនៃសន្តិភាព ដែលកម្ពុជាបានមកដោយលំបាក។ កម្ពុជាទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ទើបធ្វើឱ្យមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ដែលទាំងនេះគឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹងមាំជា លំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្នុងជំនួបនេះដែរ លោកបណ្ឌិត Yun Young-ho បានសម្តែងនូវចំណាប់អារម្មណ៍ត្រេកអរយ៉ាងខ្លាំង ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាជួបជា មួយលោកជំទាវ នាពេលនេះផ្ទាល់។ ពិសេសជាងនេះទៅទៀត លោកបានសម្តែងនូវសេចក្តីពេញចិត្តឥតឧបមា ក្នុងឱកាសដែលលោកទទួលបាននូវមេដាយសហមេត្រី ថ្នាក់មហាសេនា ដែលពិតជាមហាកិត្តិយសដ៏ធំធេង ប្រកបដោយគុណតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន។ លោកបានកោតសរសើរនូវទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លា ការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសភា។
លោកបណ្ឌិត Yun Young-ho បានបញ្ជាក់បន្ថែមថា ជំនួបសម្តែងការគួរសមនាពេលនេះពិតជាប្រវត្តិសាស្រ្តមួយ ដែលមិនមែនសម្រាប់តែកម្ពុជាទេ គឺសម្រាប់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល ដែលជាដំណើរឆ្ពោះទៅកាន់ពិភពលោកសុខសន្តិភាព ។ លោកបណ្ឌិតបានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជាសភាកម្ពុជា និងអង្គការ UPF ឱ្យកាន់តែជោគជ័យ និងល្អប្រសើរ៕