តើនរណាជាអ្នកមិនគោរពសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ពិតប្រាកដ?
នាប៉ុន្មានថ្ងៃខាងមុខនេះពោលគឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នេះនឹងឈានទៅដល់ ៣០ ឆ្នាំនៃការចុះហត្ថលេខានៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាការបញ្ជប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា។ សន្ធិសញ្ញានេះមានរដ្ឋាភិបាលចំនួន ១៨ ដែលជាហត្ថលេខី រួមទាំងភាគីខ្មែរចំនួនបួនទៀតរួមមានរដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម រួមបញ្ចូលគ្នាបង្កើតជា«ក្រុមប្រឹក្សាជាតិជាន់ខ្ពស់»។
រហូតមកដល់ពេលនេះអស់រយៈពេលប្រមាណខិតជិតទៅនឹង ៣០ ឆ្នាំទៅហើយ ប្រទេសកម្ពុជាបានបន្តការអភិវឌ្ឍន៍ និងបន្តដំណើរទៅមុខឥតឈប់ឈរ ប៉ុន្តែនៅតែមានមនុស្សអគតិនិងប្រទេសមួយចំនួននៅតែលើកយកបញ្ហានេះមកធ្វើជាលេសដើម្បីគេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួនដែលជាឧបាយរបស់ខ្លួនមកលើប្រជាជនកម្ពុជាឱ្យគិតខុសទៅតាមខ្លួនផងដែរ ហើយវាក៏អាចនឹងជាហេតុបង្កឱ្យប៉ះពាល់ដល់ស្ថេរភាពប្រទេស និងសន្តិភាពក្នុងស្រុកដែលមិនមានអ្វីអាចប្ដូរបានឡើយ។ ជាក់ស្ដែងលោកសម រង្សីតែងតែព្យាយាមលើកយកសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសមកពិភាក្សា ហើយចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថាមិនគោរពតាមសន្ធិសញ្ញា ជាពិសេសបានបំពានទៅលើសន្ធិសញ្ញានោះទៀតផង។ តើការលើកឡើងនេះពិតជាត្រឹមត្រូវ ឬមួយគ្រាន់តែជាការនិយាយដើម្បីនយោបាយរបស់ខ្លួន?
ដើម្បីដឹងច្បាស់យើងទាំងអស់គ្នាគប្បីស្វែងយល់បន្ថែមថាតើសន្ធិសញ្ញាទីក្រុងប៉ារីសនេះមានគោលបំណង និងចក្ខុវិស័យអ្វីឱ្យពិតប្រាកដ?
ជាការពិតណាស់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា គឺមិនមែនត្រឹមតែជាការវាយប្រយុទ្ធរវាងខ្មែរនឹងខ្មែរនោះឡើយ ដោយមានការគាំទ្រពីក្រោយរបស់ប្រទេសមហាអំណាចផងដែរដោយសារតែឥទ្ធិពលនៃសង្រ្គាមត្រជាក់។ មានមតិមួយចំនួនលើកឡើងថាការបញ្ជប់សង្រ្គាមក្នុងប្រទេសកម្ពុជាដោយសារការធ្លាក់ចុះនៃឥទ្ធិពលរបស់សហភាពសូវៀត ហើយមានមតិមួយចំនួនទៀតយល់ឃើញថាដោយសារតែខ្មែរមានការហត់នឿយនឹងសង្គ្រាមហើយចង់វិលមករកការចរចារសន្តិភាពវិញ ដូច្នេះហើយទើបយើងឃើញថាភាគីជម្លោះទាំងអស់បានមានវត្តមានក្នុងការចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសមួយនេះ។ យោងទៅតាមលោកហ្សង់ ហ្រ្វង់ស័រតាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) បានមានប្រសាសន៍ថាមូលហេតុចម្បងនៃការបង្កើតសន្ធិសញ្ញាក្រុងប៉ារីសនេះដោយមានកត្តាធំៗចំនួនបី ទី១-ការឈប់បាញ់គ្នា ហើយនាំយកសន្ធិភាពមកកាន់ប្រទេសកម្ពុជាម្ដងទៀត ទី២-ដើម្បីកសាងប្រទេសកម្ពុជាឡើងវិញតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដោយបង្កើតឱ្យមានការបោះឆ្នោតជាតិ និងបង្កើតឡើងវិញនៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាដើម និងមូលហេតុទី៣-ក្នុងគោលបំណងការពារប្រទេសកម្ពុជាពីការឈ្លានពាននៃប្រទេសដ៏ទៃដោយធានាឱ្យបាននូវអធិបតេយ្យភាព ឯករាជ្យ និងបូរណៈភាពទឹកដី។ ជាមួយគ្នានេះដែលលោកក៏បានលើកមូលហេតុចម្បងចំនួនបីស្ដីពីការលូកដៃរបស់បរទេសមកលើបញ្ហាក្នុងប្រទេសរបស់ប្រទេសកម្ពុជាដូចជាសង្រ្គាមនេះគឺជាសង្គ្រាមកម្រិតប្រទេស កម្រិតតំបន់ និងពិភពលោក (proxy war) ដូច្នេះហើយទើបយើងឃើញមានវត្តមានរបស់ប្រទេសមហាអំណាចដែលជាហត្ថលេខីនាពេលនោះ។ នេះជាការពិតខ្លីៗដែលយើងអាចយកមកវិភាគបាន គោលដៅចម្បងនៃការបង្កើតសន្ធិសញ្ញានេះដើម្បីធានានូវសន្តិភាព និងស្ដារឡើងវិញនៃប្រទេសកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ យើងអាចមើលឃើញថាកម្ពុជាបានសម្រេចបាននូវគុណផលធំៗមួយចំនួនដូចជាបង្កើតរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៩៩៣ ដែលយកសន្ធិសញ្ញាក្រុងប៉ារីសជាគោល និងការរៀបចំការបោះឆ្នោតថ្នាក់ជាតិឆ្នាំ១៩៩៣ ដោយមានការសម្របសម្រួលដោយអ៊ុនតាក់។ ទោះបីជាបេសកម្មនេះមិនបាននាំយកសន្តិភាពមកជូនប្រទេសកម្ពុជាទាំងស្រុងរហូតដល់ការបង្កើតនយោបាយឈ្នះៗរបស់លោកហ៊ុន សែនដែលបានបង្រួបបង្រួមជាតិឡើងវិញហើយប្រទេសកម្ពុជាបានរស់នៅសុខសាន្តក្នុងសន្តិភាពមកទល់ពេលនេះក្ដី ក៏សន្ធិសញ្ញានោះ គឺជាកត្តាចម្បងដែលនាំផ្លូវកម្ពុជាក្នុងការដើរមករកសន្តិភាព និងអភិវឌ្ឍសារជាថ្មីម្ដងទៀត។
ការលើកឡើងរបស់មនុស្សមួយក្រុមតូចស្ដីពីការបំពានកម្ពុជាលើសន្ធិសញ្ញាមួយនេះ គឺមិនត្រឹមត្រូវនោះឡើយដោយហេតុថាគោលបំណងនៃសន្ធិសញ្ញានេះ គឺដើម្បីនាំសន្ធិភាព និងបញ្ជប់សង្រ្គាមនៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញឡើងដោយយកគម្រូស្របទៅតាមសន្ធិសញ្ញាទៀតផងប្រសិនបើមិនមានការគោរពតាមសន្ធិសញ្ញា យើងប្រហែលជាមិនមានរដ្ឋធម្មនុញ្ញសម្រាប់ប្រើប្រាស់ និងគោរពតាមមកទល់ពេលនេះនោះឡើយ។
តើនរណាជាអ្នកមិនគោរពសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសពិតប្រាកដ?
នរណាក៏ដោយ ក្នុងករណីបុគ្គល ដែលមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ហើយមានបំណងមិនល្អចំពោះជាតិ សាសនា ព្រះមហាក្សត្រនៃប្រទេសដែលអាចបង្កជាការកម្រាមកំហែងដល់សន្តិសុខ និងសន្តិភាពជាតិ នោះហើយជាអ្នកមិនគោរពពិតប្រកដ។ ក្នុងករណីរដ្ឋ រដ្ឋទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព ឯករាជ្យ និងបូរណៈភាពទឹកដីនៃប្រទេសកម្ពុជា គឺជាអ្នកបំពានលើសន្ធិសញ្ញាមួយនេះ ជាពិសេសនោះគឺប្រទេសដែលជាហត្ថលេខី។ ហើយប្រទេសមួយចំនួនដែលគាំទ្រទៅលើការលើកឡើងរបស់គណបក្សប្រឆាំងនោះ គឺវាគ្រាន់តែជាការជាការបំពេញកាតព្វកិច្ចរបស់ខ្លួនប៉ុណ្ណោះដោយមិនមានជម្រើសអ្វីក្រៅពីនេះនោះឡើយទោះបីជាដឹងថាការថាការសើរើឡើងវិញមិនអាចទៅរួចក៏ដោយក្ដី ដោយហេតុថាការសើរើតម្រូវឱ្យមានការចូលរួមពីភាគីទាំងអស់ឱ្យចូលរួមហើយរហូតមកដល់ពេលនេះភាគីមួយចំនួនបានរលាយ និងបាត់បង់ទៅវិញបាត់ទៅហើយដូចជាភាគីតា សឺន សាន និងភាគខ្មែរក្រហមតើបាននរណាជាអ្នកតំណាង ស្របពេលដែលសហភាពសូវៀតបានដួររលំបាត់ទៅហើយដែរ។