ប្រធានការិយាល័យភូមិបាលស្រុកស្ទោងត្រូវបានដកចេញពីតំណែង ដោយសារឃុបឃិតអនុញ្ញត្តិឲ្យសំណង់រឹងជាច្រើនសាងសង់លើដីចំណីផ្លូវ
ខេត្តកំពង់ធំ៖ លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ត្រូវបានដកចេញពីតំណែងដោយសារព្រឹត្តិខុសពីកិច្ចការងាររដ្ឋបាល ដោយឃុបឃិតជាមួយអ្នកលុយផ្តល់ជាលាភសក្ការៈ អនុញ្ញាត្តិឲ្យសាងសង់សំណង់រឹង ផ្ទះសម្រាប់ធ្វើអាជីវកម្មលើដីចំណីផ្លូវជាតិលេខ នៅទីរួមស្រុកស្ទោង និងនៅលើដីចំណីផ្លូវសាធារណៈដែលរាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតិឲ្យមានការសាងសង់។ ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា មានពួកនាយទុនជាច្រើននាក់បានឆ្លៀតឱកាស ក្នុងអាណាត្តិលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ សាងសង់ផ្ទះលើដីហាមឃាត់ជាច្រើនគ្រួសារ ដើម្បីបន្តបើកហាងលក់ទំនិញជាបន្តបន្ទាប់ ដែលជាទង្វើខុសច្បាប់ផ្ទុយពីអនុក្រឹត្យណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាទុកដីចំណីផ្លូវរបស់រដ្ឋ ទុកជាកន្លែងសម្រាប់អភិវឌ្ឍន៍ និងម្រើប្រយោជន៍សាធារណៈ។ ប្រភពបែកធ្លាយពីសាលាស្រុកស្ទោងបានទម្លាយថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ត្រូវបានប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមន្រ្តីសាលាស្រុក រួមទាំងប្រជាពលរដ្ឋផ្តិតមេដៃដកហូតតំណែង៖ ទី១លោក លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង មកជាមន្រ្តី ,ទី២ លោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង មកជាមន្រ្តីបំរើការងារនៅសាលាស្រុក! ការដកតំណែងនេះ គឺបណ្តាលមកពីលោក ទាំងពីរមិនមកធ្វើការនៅការិយាល័យ បែរជាយកផ្ទះផ្ទាល់ខ្លួនធ្វើជាកន្លែងធ្វើការ។ ប្រភពប្រជាពលរដ្ឋ និងក្នុងសាលាស្រុក ដ៏ដែល បញ្ជាក់ថា លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង ដើរគៀបសង្កត់ប្រជាពលរដ្ឋ បង្ករឲ្យមានការរិះគន់យ៉ាង ច្រើនថា បានរត់ការដើម្បីកាត់ប្លង់ដី យកលើសពីកំរ៉ៃសេវាដែលអន្តរក្រសួង បង្ករអំពើពុករលួយយ៉ាងខ្លាំង ដូចជាកាត់ប្លងដីមូយប្លង់ ត្រូវអស់លុយពី ៨០០រហូតរាប់ពាន់ដុល្លា ១០០០ដុល្លាឡើង ចំណែកអ្នកសាងសង់ផ្ទះ យកពីគេ ៥០០ រហូតដល់៣០០០ដុល្លា ជាថ្នូរនិងការឲ្យសាងសង់ផ្ទះលើដីចំណីផ្លូវ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំបន្ទាប់ពីបានដឹងដំណឹងថា រដ្ឋបាលស្រុកស្ទោង បានប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សម្រេចដកលោក លឹម ប៊ុនហេង ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់និងភូមិបាលស្រុកស្ទោង និងលោក ភន សំហូត ស្មៀនឃុំបន្ទាយស្ទោង ក៏សម្តែងនូវសេចក្តីត្រេតអរ ជាខ្លាំង ដោយសារតែកន្លងមក ប្រជាពលរដ្ឋរងទុក្ខនិងការគៀបសង្កត់ជាយូរមកហើយ ។