ឡាវកត់ត្រាករណីឆ្លងថ្មី ខណៈដែលសិង្ហបុរីត្រូវការពេលវេលាពី ៣ខែទៅ ៦ខែដើម្បីត្រលប់ទៅកាន់ភាពប្រក្រតីថ្មី
កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលឡាវបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤២៥នាក់ និងករណីស្លាប់ថ្មីចំនួន ២នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែលធ្វើឱ្យតួលេខអ្នកជំងឺសរុបកើនឡើងដល់ ២៨ ០៣២នាក់ និងស្លាប់សរុបចំនួន ២៦នាក់។
ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ មានករណីឆ្លងថ្មីចំនួន ៤១៩នាក់ត្រូវបានរកឃើញនៅក្នុងសហគមន៍ ហើយករណីឆ្លងថ្មីដែលនៅសល់ គឺជាករណីនាំចូល។
រដ្ឋាភិបាលឡាវក៏បានចាត់តាំងអាជ្ញាធររដ្ឋធានីវៀងចន្ទន៍ និងខេត្តដទៃទៀតឱ្យបន្តធ្វើឱ្យប្រសើរឡើងនូវការធ្វើចត្តាឡីស័ក និងការព្យាបាលផងដែរ។ ខណៈដែលករណីឆ្លងថ្មីមានការកើនឡើង ខេត្តមួយចំនួនដូចជាខេត្តហ្លួងព្រះបាង ខេត្តសេកុង និងខេត្តសាយសំប៊ុនបានសម្រេចបន្តវិធានការបិទខ្ទប់។
នៅក្នុងប្រទេសសិង្ហបុរី នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិមួយកាលពីថ្ងៃទី៩ ខែតុលា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយថា «ភាពប្រក្រតីថ្មី» គឺត្រូវបានអនុវត្តនៅគ្រប់ទីកន្លែងទាំងអស់ចាប់ពី ៣ខែទៅ ៦ខែទៀត។
គិតត្រឹមថ្ងៃទី៧ ខែតុលា ប្រជាជនប្រមាណជិត ៣៧២ ០០០នាក់នៅក្នុងប្រទេសកោះមួយនេះទទួលបានការចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារជំងឺកូវីដ-១៩៕