ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងចំនួន ១១៩០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃដែលត្រូវបានអាជ្ញាធរជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាពចំនួន ១ ១៩០ គ្រួសារ នៅខេត្តបន្ទាយមានជ័យទទួលបានអំណោយឃីតស្បៀងអាហាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតដើម្បីដោះស្រាយបញ្ហាលំបាកក្នុងគ្រួសារដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់នេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិកា​រជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនឹងក្រុមការងារបានចុះនាំយកស្បៀងជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ​ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១ ១៩០ គ្រួសារ ដែលកំពុងរស់នៅទួលសុវត្ថិភាព ស្ថិតនៅសង្កាត់ទឹកថ្លា

សង្កាត់អូរអំបិល សង្កាត់កោះពងសត្វ សង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ និង ឃុំបត់ត្រង់ ស្រុកមង្គលបូរី កាលពី​រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ដោយក្នុង១គ្រួសារទទួលបាន គ្រឿងបរិភោគជាឃីត ១កញ្ចប់ ។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហាដោយការដាច់ស្បៀងហូបចុកនោះឡើយ ទោះបីជាជួបបញ្ហាវិបត្តិការរាតត្បាតជំងឺកូវីដ១៩ គ្រោះធម្មជាតិផ្សេងៗដូចខ្យល់កន្តាក់ និងគ្រោះទឹកជំនន់ជាដើម។ ឯកឧត្តមអភិបាលខេត្ដតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅខេត្តបន្ទាយមានជ័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយទឹកជំនន់នេះបានទាន់ពេលវេលានោះ។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅតាមទួលសុវត្ថិភាពក៏ដូចនៅតាមមូលដ្ឋានសូមចូលរួមធ្វើអនាម័យឱ្យបានស្អាតគ្រប់គ្នា ដោយត្រូវអនុវត្តន៍នូវវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួនដើម្បី ចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺរាតត្បាតផ្សេងៗទៀត៕ដោយ ឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង