ក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ការផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន៤៩៣ករណី
គណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានបង្ហាញឱ្យដឹងថា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយបានស្រង់ប្រភពដែលបានផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន៤៩៣ករណី។
ក្នុងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១បានគូសបញ្ជាក់ថា ក្នុងចំណោមការផ្សព្វផ្សាយចំនួន៤៩៣ករណីនោះ គឺមានការផ្សាយញុះញង់ រិះគន់រាជរដ្ឋាភិបាល ប្រឌិតបំភ្លៃការពិត និងបំពុលសង្គមចំនួន៣២២ករណី ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន១៦១ករណី ព័ត៌មានមិនពិត និងបំពុលសង្គមចំនួន១០ករណី។ បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១ គឺមានការកើនឡើងចំនួន៣១ភាគរយ ដែលការកើនឡើងនេះ មិនមែនប្រភពថ្មីៗនោះទេ គឺប្រភពចាស់បង្កើនសកម្មភាពបង្ហោះសារផ្សព្វផ្សាយ។
ក្នុងរបាយការណ៍ដដែលបានបន្ដថា ចំពោះវិធានការ និងការបន្សាបព័ត៌មានទាំងនោះ គឺផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយព័ត៌មានពិត ដែលបានបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ។ ទន្ទឹមនេះ គណៈកម្មការក៏បានកំណត់មុខសញ្ញាដែលផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីស្នើសុំកិច្ចសហការជាមួយក្រុមការងារអន្ដរក្រសួងចំនួន៣០ករណី។ ចំពោះអង្គភាពសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលធ្វើការផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងផ្សាយព័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ប៉ះពាល់ដល់កិត្ដិយស សេចក្ដីថ្លៃថ្នូរអ្នកដទៃចំនួន៥អង្គភាព។ សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុចអាលបង្កចលាចលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មានមានវិធានការអប់រំ ណែនាំ និងព្រមានចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្ដកំហុសឆ្គងខាងក្រមសីលធម៌ វិជ្ជាជីវៈ។
បើតាមគណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយបានបន្ដទៀតថា គណៈកម្មការបានព្យួរអាជ្ញាប័ណ្ណ ឬដកហូតអាជ្ញាប័ណ្ណចំពោះអង្គភាពសារព័ត៌មាន ដែលគ្មានវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ។ ជាមួយគ្នានេះ ប្ដឹងទៅតុលាការតាមនីតិវិធីច្បាប់ ចំពោះសកម្មភាពរបស់អ្នកសារព័ត៌មានដែលរំលោភច្បាប់ ផ្សព្វផ្សាយព័ត៌មានញុះញង់ បណ្ដាលឱ្យកើតមានអំពើហិង្សា ចលាចលក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចជាតិ និងទំនាក់ទំនងជាមួយបរទេសជាដើម៕ដោយ រិទ្ធី សម្រួលផ្សាយដោយ៖ ធូ កុសល