សម្ដេចក្រឡាហោម ស ខេង បកស្រាយនូវចម្ងល់របស់បងប្អូនប្រជាពលរដ្ឋអំពី កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបកស្រាយនូវ ចម្ងល់របស់បងប្អូនមួយចំនួនទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយ សម្ដេចបានសន្យាថា នឹង បន្ត ពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការដែលជា កំណែ ទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹងជីវ ភាព ប្រចាំថ្ងៃរបស់បង ប្អូន។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចក្រឡាហោម ស ខេង នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១។

សម្ដេចក្រឡាហោម ស ខេង បានពន្យល់ទាក់ទងនឹងពាក្យថា “វិមជ្ឈការ” ត្រូវបានគេ ឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់ កណ្ដាល ទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និង ប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សា ជាប់ឆ្នោត ជា តំណាង ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុង ការ អនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ ។

ដោយឡែកពាក្យ ថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាព ក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូ កម្ម នូវ សិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តន៍មុខងារ និងធនធាន ទាំងនោះ ក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមានតួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធន ធាន ទាំងនោះ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យ ភាព ចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ ។ បើតាមសម្ដេចក្រឡាហោមបានឱ្យដឹងថា ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញ និយមនៃ ការ អនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅ លើ សកលលោក ទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផងដែរ។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា “វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិ នោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តន៍ដោយមិនផ្អែកជា សំខាន់ទៅលើបរិបទ ជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេស ជាតិ នីមួយៗ”។ សម្ដេចក្រឡាហោមបានបន្ថែមថា សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តន៍ ស្រប ពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានា ទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋ បាលថ្នាក់ ក្រោមជាតិតាមបែបផែនទាំងពីរនេះ។ សម្ដេចក្រឡាហោមបានលើកឡើងថា “ក្នុងរយៈពេល កន្លងមក យើងបានសម្រេចនូវ សមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃ ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ”។

បើទោះបីយ៉ាងនេះក្តី សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា យើង ក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះ ឱ្យបានស៊ីជម្រៅ បន្ថែមទៀត ។ សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា “ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់ មតិយោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្ន សម្រេច ឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ”៕

អត្ថបទដែលជាប់ទាក់ទង