អភិបាលខេត្តបន្ទាយមានជ័យ បន្តចុះផ្តល់ស្បៀង ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពលរដ្ឋរងគ្រោះទឹកជំនន់តាមខ្នងផ្ទះ
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បានបន្តចុះនាំយកស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៩៩គ្រួសារ និងតាមខ្នងផ្ទះផ្ទាល់ចំនួន ១២គ្រួសារ ក្នុងឃុំបត់ត្រង់ស្រុកមង្គលបូរី។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋ ហើយតាមរយៈអំណោយស្បៀងអាហារនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់ពីទឹកចិត្តពោរពេញដោយមនោសញ្ចេតនានិងការគិតគូរយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តបន្ទាយមានជ័យនេះ។ ឯកឧត្ដមបានបន្ដថា ជាក់ស្តែងដូចបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់លង់លិចសម្តេចបានផ្តល់អំណោយស្បៀងអាហារបន្ទាន់ឱ្យអាជ្ញាធរក្រុមការងារចុះមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅតាមខ្នងផ្ទះបានទាន់ពេលវេលាដោយដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែការអត់អាហារទទួលទាននោះទេ ។
ឯកឧត្តមអភិបាលខេត្ត ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះទឹកចិត្តដ៏ថ្លៃថ្លាក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារតែគ្រោះធម្មជាតិទឹកជំនន់នេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ចូលរួមធ្វើអនាម័យឱ្យបានគ្រប់គ្នាដោយត្រូវ អនុវត្តនូវវិធានការ ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួនដើម្បចៀសផុតពីការឆ្លងជំងឺកូវីដ១៩និងជំងឺរាតត្បាតផ្សេងៗទៀត។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យបានរង់ការជន់លិចយ៉ាងធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់មកពីប្រទេសថៃតែមកដល់ថ្ងៃទី០២ខែតុលាឆ្នាំ២០២១នេះស្ថានភាពទឹកបានស្រកចុះជាបន្តបន្ទាប់។ ទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣៨ឃុំ-សង្កាត់ និងប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១៨ ៧១៥ គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ១ ១៥០ គ្រួសារ និងរងប៉ះពាល់ដល់ផលដំណាំផ្លូវថ្នល់ជាច្រើនទៀត។ ក្នុងពេលជួបគ្រោះទឹកជំនន់នេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាជ្ញាធរខេត្តព្រមទាំងកងកម្លាំងប្រដាប់អាវុធបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងការជម្លៀស និងរៀបចំស្បៀងអាហារបណ្តោះអាសន្នជូនដល់ពួកគេ៕ដោយ៖ ឈុន សារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល