សម្ដេចតេជោ ហ៊ុន សែន៖ កាផ្ដល់អំណោយជាវ៉ាក់សាំង ២០ម៉ឺនដូស បន្ថែមទៀតដល់ប្រទេសឡាវ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាផ្ដល់អំណោយជាវ៉ាក់សាំង ២០ម៉ឺនដូសបន្ថែមទៀតដល់ប្រទេសឡាវ គឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ និងដើម្បីរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏សាហាវនេះ។
ក្នុងលិខិតចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ផ្ញើជូន ឯកឧត្តម ផាន់ខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថា “ខ្ញុំមានសេចក្តីរីករាយជាអតិបរិមា ដែលមានឱកាសបានជួបដោយផ្ទាល់ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលចូលរួមកិច្ចពិគ្រោះយោបល់រវាងថ្នាក់ដឹកនាំគណបក្សរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ។
ជំនួបដោយផ្ទាល់នេះ បានអនុញ្ញាតឱ្យយើងធ្វើការពិភាក្សា និងផ្លាស់ប្តូរគ្នាបានយ៉ាងស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្តីពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង រួមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមរួម”។
សម្ដេចតេជោបន្តថា វាពិតជាគួរឱ្យក្រៀមក្រំណាស់ ដែលអស់ពេលជិតពីរឆ្នាំមកហើយ ដែលប្រទេសនានាជុំវិញពិភពលោក នៅតែត្រូវតស៊ូទប់ទល់នឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលបានបន្តបង្កការលំបាកផ្នែកសេដ្ឋកិច្ច និងដាក់សម្ពាធបន្ថែមទៀតដល់សុខុមាលភាពរបស់ប្រជាជន។ ប្រទេសកម្ពុជា និងឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំប្លែងថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រីសង្គត់ធ្ងន់ថា ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសបងប្អូនយើងទាំងពីរ រាជរដ្ឋាភិបាលកម្ពុជាសូមផ្តល់ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នូវអំណោយថ្នាំវ៉ាក់សាំង(ប្រភេទស៊ីណូវ៉ាក់)ចំនួន ២០០ ០០០ ដូស បន្ថែមទៀត ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។ អំណោយវ៉ាក់សាំងនេះនឹងត្រូវបញ្ជូនទៅដល់ច្រកទ្វារព្រំដែនត្រពាំងក្រៀល-ណុងណុកខៀន នៅថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២១។
គួរបញ្ជាក់ដែរថា បន្ទាប់ពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២០ម៉ឺនដូសជូនរដ្ឋាភិបាលប្រទេសឡាវ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រនាំយកវ៉ាក់សាំង ទៅប្រគល់ជូនឯកឧត្ដម ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកទ្វារព្រំដែន ត្រពាំងក្រៀល-ណុងណុកខៀន ស្ថិតក្នុងខេត្តស្ទឹងត្រែងរបស់កម្ពុជា និងខេត្តចំប៉ាសាក់របស់ឡាវ។
គួររម្លឹងដែរថា កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្ដល់អំណោយជាសម្ភារវេជ្ជសាស្ត្រមួយចំនួន ជូនរដ្ឋាភិបាលឡាវ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ ដែលសម្ភារទាំងនោះរួមមាន ម៉ាសក្រណាត់ចំនួន ២០ម៉ឺន ម៉ាស N95 ចំនួន២ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូផងដែរ។
ជាងនេះទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគនូវសម្ភារវេជ្ជសាស្ត្រដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនទៀតដែលរួមមាន ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត វៀតណាម និងប្រទេសនេប៉ាល់៕