សម្តេចក្រឡាហោមណែនាំឱ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហាគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំឱ្យអភិបាលរាជធានីភ្នំពេញដោះស្រាយបញ្ហាគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ស្របពេលដែលសម្តេចឃើញពីភាពខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ ពិសេសការគូសគំនូសសញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ននេះ។

សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចបានញ្ជើញដឹក នាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសាទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា សូមកុំឱ្យមើលស្រាលបញ្ហានេះនិងបានស្នើឱ្យអភិបាលរាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូសចរាចរណ៍នេះឱ្យបាន ពីព្រោះការងារនេះក៏ជាសេវាសាធារណៈចាំបាច់មួយជូនប្រជាពលរដ្ឋផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍វិញ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា នៅក្នុងឆមាសទី១នេះ ការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ គឺជាមោទកភាពមួយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគី។ សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីការងារពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងនោះឆ្លើយតបនឹងការស្នើសុំធ្វើច្បាប់ ស្ដីពីចរាចរ ណ៍ផ្លូវគោកថ្មី ។ សម្ដេចបានផ្ដល់ការណែនាំឱ្យសិក្សារៀបចំ ត្រឹមតែវិសោធនកម្មបានហើយ ដោយមិនចាំបាច់ធ្វើច្បាប់ថ្មីនោះទេ ចៀសវាងបង្កើតច្បាប់ និងវិសោធនកម្មច្បាប់ញឹកញាប់ពេក។

សម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរមន្រ្តី និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានខិតខំរួមគ្នាជំរុញការអនុវត្តច្បាប់ស្ដីពីចារណ៍ផ្លូវគោក ឱ្យទទួលបានលទ្ធផលល្អប្រសើរជាង៦ខែឆ្នាំ២០២០ ហើយឆ្លើយបប្រកបដោយភាពវិជ្ជមានទៅនឹងគោលបំណង និងសំណូមពរនៃយុទ្ធនាការពង្រឹងការអនុវត្តច្បាប់។

ទន្ទឹមគ្នានេះ សម្ដេចក៏បានណែនាំឱ្យបន្តពង្រឹងវិន័យកងកម្លាំងអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈនិងការបែងចែកប្រាក់ផាកពិន័យឱ្យមានតម្លាភាព ដើម្បីលើកទឹកចិត្តកងកម្លាំង ៕ដោយចាន់ សុធីវង់ សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង