អភិបាលខេត្ត ចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់
នៅព្រឹកថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំ នៅអនុវិទ្យាល័យវត្តដំរីស និងវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្រាប់សិស្សថ្នាក់ទី៩ដល់ថ្នាក់ទី១២។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទន្ទឹមនឹងក្មួយៗសិស្សានុសិស្សសប្បាយរីករាយនឹងការបើកដំណើរការចូលរៀន នៅសាលាឡើងវិញក៏ដោយ ក៏មិនត្រូវមានការធ្វេសប្រហែស ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ឡើយ បើទោះបីសិស្សានុសិស្សទាំងអស់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទាំង២ដុសរួចហើយក៏ដោយ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែរៀបចំអនាម័យឱ្យបានស្អាតគ្រប់ពេលវេលា ជាពិសេសការពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងជាប់លាប់ ការរៀបចំកន្លែងលាងសម្អាតដៃ ការវាស់កម្ដៅជាដើម ។ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនូវជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះរីករាលដាលក្នុងសហគមន៍ សូមសិស្សានុសិស្ស ចូលរួមអនុវត្តន៍ តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ទើបដំណើរការនៃការសិក្សានៅតាមសាលារៀនអាចប្រព្រឹត្តទៅបានដោយរលូន និងអាចបន្តបើកដំណើរការសិក្សាដល់ថ្នាក់ផ្សេងៗជាបន្តបន្ទាប់ទៀត ។
ខេត្តបាត់ដំបង បានជ្រើសរើសយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបើកការសិក្សានៅសាលាផ្ទាល់ ក្រោយពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដំណើរការសាលាឡើងវិញ ចំពោះតំបន់ដែលមានហានិភ័យទាប និងសាលារៀនដែលបានរៀបចំតាម ស្ដង់ដារ SOP របស់ក្រសួងសុខាភិបាល ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ធូ កុសល

.j.jpg)
