សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍វិធានការ ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍វិធានការសុខាភិបាល ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួន ក្នុងថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

សម្ដេចតេជោ បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ ជាងនេះទៀត សម្តេចតេជោក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តន៍វិធានការ ៣កុំ និង៣ការពារឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕ដោយ ជឹម ណារី សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង