ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សព ឯកឧត្តម ធង ឯម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព ឯកឧត្តម ធង ឯម សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណ:ភាព នៅវេលា ម៉ោង ៥:១០នាទី ទាបភ្លឺ ក្នុងជន្មាយុ ៧៨ឆ្នាំ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

មានប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនាឱកាសនោះដែរ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានថ្លែងថា ចំពោះមរណ:ភាពរបស់ ឯកឧត្តម ធង ឯម គឺជាការបាត់បង់ថ្នាក់ដឹកនាំដ៏ល្អមួយរូប ដែលបានបម្រើប្រជាពលរដ្ឋ ប្រកបដោយសទ្ធាជ្រះថ្លាជ្រាលជ្រៅ ក្នុងការងារមនុស្សធម៌ និងការងារព្រះពុទ្ធសាសនា ព្រមទាំងជាការបាត់បង់ឳពុក ឳក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាង ដល់ក្រុមគ្រួសារ និងបានអប់រំណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅបានក្លាយជាពលរដ្ឋល្អ។

ស្ថិតក្នុងស្ថានភាពដ៏ក្រៀមក្រំនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និង ឯកឧត្ដមអភិបាលខេត្ត ក៏សូមចូលរួមរំលែកនូវមរណទុក្ខ និងសេចក្តីសោកស្តាយ ដោយក្ដីអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ធង ឯម បានសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង