សាលារៀននៅរាជធានីភ្នំពេញ បើកដំណើរការឡើងវិញបន្ទាប់ពីផ្អាកជាង៧ខែកន្លងមក ប៉ុន្ដែត្រូវប្រតិបត្ដិស្ដង់ដារ SOP
នៅព្រឹកថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅធ្វើពិធីបើកសាលារៀនឡើងវិញចំនួន ៣សាលាជាបន្តបន្ទាប់គ្នាក្នុងពេលតែមួយ ដែលជានិមិត្តរូបបើកឱ្យដំណើរការសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញ គឺទី១-អញ្ជើញទៅវិទ្យាល័យស៊ីសុវត្ថិ, ទី២- វិទ្យាល័យចតុមុខ, និងទី៣-វិទ្យាល័យ ICS ក្នុងខណ្ឌដូនពេញ ។
ក្នុងឱកាសចុះពិនិត្យ និងបើកឱ្យដំណើរការរៀនជានិមិត្ដរូបនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សិស្សានុសិស្ស បើអត់មានប័ណ្ណចាក់វ៉ាក់សាំងទេ មិនអនុញ្ញាតឱ្យចូលរៀនឡើយ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល និងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ។
ឯកឧត្តម បានបន្តថា គ្រឹះស្ថានសិក្សាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ដែលត្រូវបើកដំណើរការឡើងវិញនៅថ្ងៃនេះ មានចំនួនសរុប ២២៧ទីតាំង (គ្រឹះស្ថានសាធារណៈ៦៨ទីតាំង និងគ្រឹះស្ថានឯកជនចំនួន ១៥៩ទីតាំង) មានលោកគ្រូ-អ្នកគ្រូ និងបុគ្គ លិកអប់រំ បម្រើការងារចំនួន ១០ ៤៤៣នាក់ និងមានសិស្សានុសិស្ស ត្រូវចូលរៀនវិញចំនួន ១៣៩ ៥៧៨នាក់ ៕

.j.jpg)
.j.jpg)

.j.jpg)