សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសង្វែរប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ ដែលសម្ដេចតេជោទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមនោះ សម្ដេចនឹងឧបត្ថម្ភថវិកានោះសម្រាប់យកទៅកសាងផ្ទះជូនអតីតយុទ្ធជនទាំងអស់តែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ គឺក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ទើបបានទទួលបានមេដាយមាសសន្តិភាពពិភពលោក ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ខណៈការទទួលបានមេដាយនេះ គឺក្នុងនាមជាសហប្រធានសម្រាប់រៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ដែលប្រារព្ធឡើងតាមប្រពន្ធអនឡាញនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានចូលរួមមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយក៏ទទួលបាននូវមេដាយ ១ ហើយមេដាយនោះអមដោយទឹកប្រាក់ ១លានដុល្លារ ដែលខ្ញុំសូមប្រកាសថា ១លានដុល្លារ ដែលខ្ញុំទទួលបានអមជាមួយមេដាយនោះ ខ្ញុំនឹងយកទៅកសាងឱ្យអតីតយុទ្ធជន»។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថវិកា ១លានដុល្លារនេះ ប្រសិនបើយកទៅធ្វើផ្ទះជូនអតីតយុទ្ធជនក៏បានច្រើនដែរ ខណៈផ្ទះមួយចំណាយអស់ប្រមាណ ៤ពាន់ដុល្លារ ព្រោះខ្ញុំជាប្រធានសមាគមអតីតយុទ្ធជន។ ជាមួយគ្នានោះ សម្ដេចក៏បានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានកសាងផ្ទះជូនអតីតយុទ្ធជនច្រើនណាស់ដែរ៕


