ក្រុមកម្ពុជាប៉ះហុងកុង និងម្ចាស់ផ្ទះ ជប៉ុន នាចុងខែតុលា ព្រឹត្តិការណ៍ AFC U23 ASIAN CUP

សហព័ន្ធកីឡាបាលល់ទាត់កម្ពុជាបានបង្ហាញកាលវិភាគសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី អាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022) ដែលក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះជាមួយក្រុម ហុងកុង និងជប៉ុន ក្នុងពូល K ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ។
២ប្រកួតរបស់ក្រុម U23 កម្ពុជា នៅក្នុងពូល K ត្រូវប្រកួតជាមួយក្រុមហុងកុង មុនគេ នាថ្ងៃទី២៣ ខែតុលា និងបន្តជួបជាមួយម្ចាស់ផ្ទះ ជប៉ុន នាថ្ងៃទី២៦ ខែតុលា។ ១ប្រកួតចុងក្រោយនៃវគ្គជម្រុះនេះ គឺម្ចាស់ផ្ទះជប៉ុនត្រូវជួបជាមួយក្រុមហុងកុង។ ៣ប្រកួតនៃវគ្គជម្រុះ ក្នុងពូល Kនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន J-Village (Fukushima)។
យោងតាមសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថា AFC U23 ASIAN CUP UZBEKISTAN 2022 វគ្គជម្រុះនេះមានក្រុមចូលរួមសរុបចំនួន ៤២ ដោយត្រូវបានបែងចែកជា ១១ ពូល។ AFC U23 Asian Cup ឆ្នាំ២០២២ គឺប្រទេសអ៊ូបេគីស្ថានបានបញ្ជាក់ពីទីតាំងរបស់ពួកគេជាម្ចាស់ផ្ទះជាលើកដំបូង ដែលការប្រកួតនឹងត្រូវរៀបចំឡើងនៅភូមិភាគកណ្តាល។ ការចាប់ឆ្នោតបានបែងចែកក្រុមជាពីរតំបន់ គឺតំបន់ខាងលិចដែលមានក្រុមចូលរួមចំនួន ២៣ និង១៩ក្រុមផ្សេងទៀត មកពីតំបន់ខាងត្បូង-កណ្តាល-ខាងកើត និងតំបន់អាស៊ាន។
សូមបញ្ជាក់ថា ការប្រកួតជម្រុះត្រូវបានកំណត់ពេលវេលា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១។ បន្ទាប់ពីបញ្ចប់វគ្គជម្រុះនៃពូលទាំង១១ គឺក្រុមចំណាត់ថ្នាក់លេខ១ ស្មើនឹង១១ក្រុមនឹងឡើងទៅជុំផ្តាច់ព្រ័ត្រ។ ក្នុងនោះ៤ក្រុម ដែលជាក្រុមចំណាត់ថ្នាក់លេខ២ ល្អបំផុតនឹងត្រូវជ្រើសរើសចេញពីពូលទាំងនេះ ឡើងទៅជុំផ្តាច់ព្រ័ត្រដែរ សរុប១៥ក្រុម បូករួមទាំងក្រុមម្ចាស់ផ្ទះ អ៊ូបេគីស្ថាន សរុប១៦ក្រុម សម្រាប់វគ្គប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅ ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕
អត្ថបទដែលជាប់ទាក់ទង