រដ្ឋបាលរាជធានី បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិតនៅរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០២ កញ្ញា ២០២១ បានចេញសេចក្តីសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ និងថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារនេះ អមដោយអនុប្រធាន៥នាក់, អនុប្រធានប្រចាំការម្នាក់ និងសមាជិកជាច្រើននាក់ផ្សេងទៀត ដែលសុទ្ធតែអ្នកពាក់ព័ន្ធលើការងារនេះ។
ក្រុមការងារនេះមានតួនាទី ពិនិត្យពិភាក្សា និងកំណត់ភូមិសាស្ត្រមានហានិភ័យខ្ពស់ ហានិភ័យទាប និងគ្មានហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ចំណេះទូទៅគ្រប់កម្រិត នៅភូមិសាស្ត្ររាជធានីភ្នំពេញ ។
– វាយតម្លៃ និងជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
– ដាក់ចេញនូវវិធានការចាំបាច់ ដើម្បីគាំទ្រ និងពង្រឹងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត រួមទាំងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងណែនាំដល់គ្រឹះស្ថានសិក្សាឯកជន ឱ្យបាញ់ថ្នាំសម្លាប់មេរោគ មុននឹងបើកដំណើរការឡើងវិញ ដើម្បីចៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ -១៩ ក្នុងគ្រឹះស្ថានសិក្សា ។
– ជំរុញ និងលើកទឹកចិត្តដល់គណៈនាយក លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ស្របតាមបរិការណ៍ថ្មី គឺ “សភាពធម្មតាបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។
បង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញត្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាជំនួយការដល់ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដែលមានសមាសភាព អភិបាលខណ្ឌទាំង១៤ ជាប្រធាន ។
ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញនេះ មានតួនាទី៖
– ចុះត្រួតពិនិត្យ និងកំណត់ភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការឡើងវិញនូវគ្រឹះស្ថាន សិក្សាចំណេះទូទៅគ្រប់កម្រិត ក្នុងមូលដ្ឋានខណ្ឌនីមួយៗ។
– ជ្រើសរើសសាលាមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងភូមិសាស្ត្រខណ្ឌនីមួយៗ ដែលមានលទ្ធភាពបើកដំណើរការឡើងវិញ អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង ការអនុវត្តបាននូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។
– បូកសរុប និងធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូពរចាំបាច់នានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ រាយការណ៍ជូនមកក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រីះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច ឬ ស្នើសុំគោលការណ៍ដឹកនាំបន្តពីក្រសួងអប់រំ យុវជន និងកីឡា។
– អនុវត្តន៍ភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ ត្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ។ បង្កើតលេខាធិការដ្ឋាន នៃក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការ ឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់រាជធានីភ្នំពេញ មានលោក នួន ផារ័ត្ន ជាប្រធានក្រុមការងារនេះ មានតួនាទីនិងភារកិច្ច មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលរាជធានីភ្នំពេញ និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់។
ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត ថ្នាក់ខណ្ឌ នៃរដ្ឋបាលរាជធានីភ្នំពេញ មានសិទ្ធិប្រើប្រាស់ត្រារបស់រដ្ឋបាលខណ្ឌសាមី និងអាចប្រើប្រាស់មន្ត្រីក្រោមឱវាទ ដើម្បីសម្រួលការងារតាមតម្រូវការចាំបាច់ សមាជិក-សមាជិកាទាំងអស់៕






