ព័ត៌មានជាតិកម្ពុជាមាន «សត្វត្មាត» ចំនួន ១២១ក្បាល ហើយមាន៣​ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាត ផេះ

បើយោងតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១នេះ ប្រ​ទេ​សកម្ពុជាមាន «សត្វត្មាត» សរុបចំនួន១២១ក្បាល ហើយមាន៣ប្រភេទ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ​។ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២ ខែ​កញ្ញានេះ​ថា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំនេះ គឺជាទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សបា្តហ៍ទី១ នៃខែកញ្ញា ត្រូវបានកំណត់ថា ជាទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។

លោកថា ក្រសួងបរិស្ថាន ដោយសហការ ជាមួយក្រសួងស្ថាប័ន និងអង្គការជាដៃគូ នឹងប្រារព្ធទិវាលើកកម្ពស់ការយល់ដឹង សត្វត្មាតអន្តរជាតិ តាមរយៈការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការអភិរក្សសត្វត្មាត និងផលប៉ះពាល់ពីការបំពុលសត្វត្មាត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។ ការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថានមានជំនឿ ថា នឹងផ្តល់ចំណេះដឹងទូលំទូលាយអំពីសត្វត្មាត និងជំរុញឲ្យមានការ ចូលរួមកាន់តែសកម្មបន្ថែមទៀត ពីសំណាក់សាធារណជន ក្នុងការការពារ និងអភិរក្សសត្វត្មាត ដែលជាប្រភេទសត្វកម្រ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានឲ្យដឹងទៀតថា ឆ្នាំ២០២១ នេះគឺជាលើកទី៦ ហើយដែលកម្ពុជា បានប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិ។ ប្រទេសកម្ពុជាបាន ចូលរួមប្រារព្ធទិវានេះលើកដំបូង នៅឆ្នាំ២០១៦ ខណៈទិវានេះ ត្រូវបានគេប្រារព្ធ ធ្វើឡើងតាំងពីឆ្នាំ២០០៦ មកម៉្លេះ។

លោករដ្ឋលេខាធិការ បានប្រាប់ឲ្យដឹងបន្តថា ពិភពលោកទាំងមូល បានប្រារព្ធឡើង ដើម្បី​លើក​កម្ពស់ ​ការ​យល់​ដឹង​អំពី​តួនាទី​ អេកូ​ឡូស៊ី​របស់​សត្វ​ត្មាត ស្ថាន​ភាព និង​ការ​គំរាម​កំហែង​នានា ទៅ​លើ​សត្វ​ត្មាត​ ព្រម​ទាំង​អំពាវ​នាវ​ ឲ្យ​មាន​ការ​ចូល​រួម ​ក្នុង​កិច្ច​ការ​ពារ​សត្វ​ត្មាត ដែល​ជា​ប្រភេទ​បក្សី​កម្រ និង​ជិត​ផុត​ពូជ​។

ក្នុងការប្រារព្ធទិវាលើកកម្ពស់ ការយល់ដឹងសត្វត្មាតអន្តរជាតិនេះ ក្រសួងបរិស្ថាន និងស្ថាប័នព្រមទាំងអង្គ​ការដៃគូ នៃក្រុមអភិរក្សសត្វត្មាតកម្ពុជា បានធ្វើការផ្សព្វផ្សាយនូវសារ និងរូបភាពទាក់ទងនឹងសត្វត្មាត នៅតាមបណ្តាញទំនាក់ទំនងសង្គម និងការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង អប់រំផ្សព្វផ្សាយអំពីសត្ចត្មាត ការអភិរក្ស និងជំរុញឲ្យមានការចូលរួមបន្ថែម ពីសាធារណជន។

បើតាមរបាយការណ៍ ពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជា​ត្រូវបានគេដឹងថា មាន​សត្វ​ត្មាតចំនួន​ ៣​ប្រភេទ គឺ​ត្មាត​ភ្លើង​ ត្មាត​ត្នោត និង​ត្មាត​ផេះ​។ លទ្ធផល នៃការរាប់ចំនួនសត្វត្មាតថ្នាក់ជាតិ ដោយក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា គឺគិតត្រឹមខែមិថុនា ឆ្នាំ២០២១ បានបង្ហាញថា កម្ពុជាមានសត្វត្មាតសរុបទាំងអស់ចំនួន ១២១ក្បាល។ ក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ ក្បាល។ តាមមន្ត្រីជំនាញ ចាប់ពីពាក់កណ្តាល ឆ្នាំ២០១៤ រហូតដល់​​បច្ចុប្បន្ន​ ចំនួនសត្វត្មាត ទាំង៣ប្រភេទ មានចន្លោះពី១២០ ទៅ ១៤០ក្បាល៕

អត្ថបទ៖ ឃួន សុភ័ក្រ

អត្ថបទដែលជាប់ទាក់ទង