ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បាន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដោយមានឱកាសមកជួបកងកម្លាំងដោយផ្ទាល់ និងពាំនាំនូវជំនួយឧបត្ថម្ភ មួយចំនួនដើម្បីរួមចំណែកសម្រាលបន្ទុកខ្លះដល់អង្គភាព ក៏ដូចជាបងប្អូនផ្ទាល់។

ឯកឧត្តមថ្លែងបន្តថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ បាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាការពារសន្តិភាព សន្តិសុខ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ មិនថាក្នុងដំណាក់កាលណាទេ គឺអ៊ុំ ពូមីង និងបងៗបានធ្វើការលះបង់ខ្ពស់ណាស់ក្នុងការបំពេញបេសកកម្មដ៏លំបាក និងមានគ្រោះថ្នាក់នានាសំដៅធ្វើយ៉ាងណាសម្រេចបានការការពារសន្តិសុខ សណ្តាប់ធ្នាប់រៀបរយក្នុងសង្គម។ ជាពិសេសក្នុងដំណាក់កាលនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កងរាជអាវុធហត្ថរឹតតែខិតខំបំពេញភារកិច្ចចំពោះមុខ ដោយមិនបានចាត់ទុកហានិភ័យនៃការឆ្លងជាឧបសគ្គឡើយ។

ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរដល់ស្មារតីទទួលខុសត្រូវរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានគិតគូរដល់សុវត្ថិភាពមន្រ្តីរាជអាវុធហត្ថក្នុងពេលបំពេញភារកិច្ច ក៏ដូចជាសុខទុក្ខ និងជីវភាពផ្ទាល់ខ្លួន ដោយបានដាក់ចេញវិធានការណ៍បង្ការ ការពារបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន។ ពិតណាស់ នៅពេលនេះ យើងទាំងអស់គ្នាកំពុងជួបការលំបាកដោយសារវិបត្តិនេះ។ ប៉ុន្តែយើងពិតជាមានភ័ព្វសំណាង ដោយយើងទាំងអស់គ្នាទទួលបាននូវការការពារ និងភាពកក់ក្តៅពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃរបស់សម្តេចតេជោ។ ជាក់ស្តែង ការបានទទួលវ៉ាក់សាំងរបស់បងប្អូន និងក្រុមគ្រួសារ ព្រមទាំងការរក្សាប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មកលើបងប្អូនកងកម្លាំងរបស់យើង។

ជាថ្មីម្តងទៀត ជំនួសមុខឱ្យក្រុមគ្រួសារ សហការី និងក្នុងនាមរូបឯកឧត្តមផ្ទាល់ ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនកងរាជអាវុធហត្ថចំពោះការលះបង់ជាច្រើនសម្រាប់ប្រជាពលរដ្ឋរបស់យើង៕

  

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង