ចំណាយប្រាក់ជិត៣លានដុល្លារ ទិញដីតែមិនបានដី សង្ស័យមន្ត្រីម្នាក់ឆបោក ធ្វើឲ្យអ្នកវិនិយោគចិន ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានចំណាយប្រាក់ជិត៣លានដុល្លារ ដើម្បីទិញដីមួយកន្លែង តែរយៈពេលជាច្រើនឆ្នាំមកហើយ ពុំបានទទួលប័ណ្ណកម្មសិទ្ធិលើដីធ្លី នេះ តាមការសន្យារបស់មន្ត្រីម្នាក់ នេះ ទាល់តែសោះ ។ ដោយអស់ជម្រើស នោះ , អ្នកវិនិយោគជនជាតិចិនរូបនេះ បានធ្វើលិខិតគោរពស្នើសុំអន្តរាគមន៍មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ លោក ដួង តារា ជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ។

យោងតាម លោក ដួង តារា លើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា «សុខទុក្ខអ្នកវិនិយោគគិនបរទេស គឺ ជាសុខទុក្ខប្រមុខដឹកនាំកម្ពុជាល្មមដល់ពេលប្រកបអាជីវកម្មត្រឹមត្រូវហើយ» ។

លោក ដួង តារា បានលើកឡើងថា កាលពីពេលថ្មីៗនេះ មានអ្នកវិនិយោគជនជាតិចិនម្នាក់បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីករណីវិវាទដីធ្លីដែលគាត់បានចំណាយប្រាក់ជិត៣លានដុល្លារ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់បានទទួលឯកសារកម្មសិទ្ធិដីនៅឡើយ។

ជនជាតិចិនម្នាក់នេះ បានទិញដីពីមន្រ្តីម្នាក់ដែលអះអាងថាមានដីលក់អោយគាត់ ដោយបាននាំគាត់ទៅបង្ហាញទីតាំងដីដែលធ្វើអោយគាត់ពេញចិត្តយ៉ាងខ្លាំង ។ ដោយជំនឿទុកចិត្តលើមន្រ្តីនោះ អ្នកវិនិយោគចិនបានបង់ប្រាក់ជិត៣លានដុល្លារដល់មន្រ្តីនោះ ជាថ្លៃទិញលក់ដី ដោយមានទាំងរូបថតទទួលប្រាក់ទាំងដុំៗទៀតផង ។

មន្រ្តីរូបនោះ ក្រោយពីបានទទួលលុយដ៏ច្រើនសន្ធឹកនេះហើយ គឺ បានសន្យាថានឹងខិតខំរៀបចំផ្ទេរប័ណ្ណកម្មសិទ្ធិជូនអ្នកទិញ។ ប៉ុន្តែរហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ គឺ អ្នកទិញនៅរង់ចាំមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីនៅឡើយ។ តាមពិតទៅគាត់បានទិញដីនេះតាំងពីឆ្នាំ២០១៩ មកម៉្លេះ។

ចំពោះមូលហេតុយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ…  អាចថាមន្រ្តីជំនាញកំពុងធ្វើការ.. ឬមួយអត់មានដីលក់អោយគេ ឬ បញ្ហាអ្វីផ្សេង។ ដោយសារមិនអាចទ្រាំរង់ចាំតទៅទៀតបាន ទើបជនជាតិចិន សម្រេចចិត្តដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោមេត្តាជួយផ្តល់យុត្តិធម៌ ។

លោក ដួង តារា បន្តថា ពិតប្រាកដណាស់ សុខទុក្ខរបស់បងប្អូនអ្នកវិនិយោគបរទេស មិនថាចិនឬសាសន៍ណាឡើយ គឺជាសុខទុក្ខរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក ដួង តារា សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះករណីនេះ ដោយសូមបងប្អូនអ្នកវិនិយោគចិនមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ លោក ដួង តារា នឹងខិតខំរកដំណោះស្រាយជូនអោយអស់ពីកម្លាំងកាយចិត្តស្របទៅតាមច្បាប់នៃប្រទេស។

នៅពេលនេះ លោក ដួង តារា កំពុងពិនិត្យសំណើសុំនិងឯកសារដែលអ្នកវិនិយោគចិនបានដាក់គោរពជូនសម្តេច ។ ជាជំហានដំបូង លោក បានឃើញមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ មានមេធាវីទាំងសងខាងប្រថាប់ត្រា ត្រឹមត្រូវ មានសាក្សីត្រឹមត្រូវ ហើយអ្នកលក់ក៏បានទទួលលុយត្រឹមត្រូវ ដោយមានទាំងរូបថតបញ្ជាក់ពេលទទួលប្រាក់ទៀតផង។

បើពិតដូចអ្នកទិញបានបញ្ជាក់ប្រាប់មែន លោក ដួង តារា ឆ្ងល់ថា មានម៉ូយទិញដីដ៏ល្អបែបនេះ ហេតុអីក៏មិនចេះរកស៊ីអោយបានត្រឹមត្រូវក្នុងផ្លូវត្រជាក់? ចាំបាច់ធ្វើវិធីកាប់ដាវក្តៅៗអញ្ចឹងធ្វើអ្វី? តើគិតថាអាចរួចពីសំណាញ់ច្បាប់បានយូរប៉ុណ្ណា? ជាយោបល់លោក ដួង តារា បើមិនមានដីលក់អោយគេទេ គួរតែប្រគល់ប្រាក់អោយគេវិញទៅ ដោយមិនបាច់គិតការប្រាក់ទេ គឺ លោក ដួង តារា សន្យានឹងជួយសម្របសម្រួលបញ្ចប់ជូនឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ។

រឿងនេះអាចនឹងពាក់ព័ន្ធករណីព្រហ្មទណ្ឌទៀតផង ដោយ លោក ដួង តារា កំពុងអោយក្រុមការងារអ្នកច្បាប់សិក្សាអោយបានលម្អិតលើឯកសារគតិយុត្តិទាំងអស់ ៕

   

អត្ថបទដែលជាប់ទាក់ទង