ដុតកម្ទេចចោលអាល់កុលក្លែងក្លាយជាង៧ម៉ឺនលីត្រ!

TNM(ភ្នំពេញ)៖ អង្គភាពជំនាញផ្នែកប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបាន កម្ទេចចោលអាល់កុលក្លែងក្លាយចំនួនជាង ៧ម៉ឺនលីត្រ នៅទីលានចាក់សំរាមខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក គឹម ជាតិអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កាលពីនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១បានអំពាវនាវដល់ជនខិលខូចឱ្យឈប់លក់អាល់កុល និងបរិក្ខារពេទ្យក្លែងក្លាយបន្តទៀតព្រោះប្រឈមនឹងទោសទណ្ឌ។
ឧត្តមសេនីយ៍ឯក គឹម ជាតិ បានបន្តថា គណៈកម្មាធិការអត់បញ្ឈប់ការស្រាវជ្រាវ បរិក្ខារពេទ្យទេ ត្រូវតែពិនិត្យ និងបង្ក្រាបជានិច្ច។ក៏សូមអំពាវនាវ ទៅដល់អាជីវករទាំងអស់នាំចូល ចែកចាយឱ្យមានគុណភាព ដើម្បីរួមចំណែកការពារកូវីដ១៩។
គួរបញ្ជាក់ថា អាល់កុលក្លែងក្លាយ ដែលប្រើសារធាតុមេតាណុលលើសកម្រិត តាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍ និងក្រសួងសុខាភិបាល ចំនួន ៧៤.០៦០លីត្រ ដែលត្រូវកម្ទេចចោលនៅថ្ងៃនេះ បានមកពីការបង្ក្រាបនៅទីតាំងស្ថិតនៅភូមិព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង