ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត (ក.ជ.ម) ដោយមានការចូលរួមពីអនុប្រធានប្រចាំការ ក.ជ.ម អនុប្រធាន ក.ជ.ម ព្រមទាំងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺដើម្បីពិនិត្យពីការងារដែលបានអនុវត្តកន្លងមក ក៏ដូចជារួមគ្នាបូកសរុបលទ្ធផលការងារ និងរបាយការណ៍ប្រចាំឆ្នាំ។ ឯកឧត្តម បានបន្តថា បើទោះជាជួបប្រទះបញ្ហាកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន ក.ជ.ម បានលើកឡើងផងដែរថា ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នារៀបចំផែនការសកម្មភាព២០២១ឲ្យបានជាក់លាក់ ពោលគឺធ្វើឲ្យយ៉ាងណាឲ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម រាជ សុភទ្ធ អនុប្រធានប្រចាំការលេខាធិការដ្ឋាន ក.ជ.ម បានស្នើដល់ក្រុមការងារឲ្យតាក់តែងរបៀបរបបការងារឲ្យបានជាក់លាក់ ជាពិសេសការចរាចរលិខិតនានា ត្រូវមានច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់ឯកសារ ឬធ្វើឲ្យការចរាចរឯកសារមានភាពយឺតយ៉ាវ។
គួរជម្រាបជូនថា ក្នុងការបំពេញបេសកម្មនៅមូលដ្ឋាន ក្រុមការងារមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន៕