ឯកឧត្តម ម៉ម ប៊ុនហេង នឹងនាំយកថវិកាចំនួន២០ម៉ឺនដុល្លារ និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅជូនប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១៩ស្អែកនេះ
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ តំណាងសម្តេចតេជោ នឹងដឹកនាំ គណៈប្រតិភូ នាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនតាមជើងហោះហើរពិសេសទៅប្រគល់ជូនរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីចូលរួមបង្ការជំងឺកូវីដ១៩។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើទៅឯកឧត្តម មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១បានលើកឡើងថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ សម្តេចបានបរិច្ចាគសាច់ប្រាក់ចំនួន ២០០.០០០ ដុល្លារអាម៉េរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈ មជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។
លិខិតដដែលបានបញ្ជាក់ថា ឧបករណ៍វេជ្ជសាស្រ្តរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្តរហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង ។
សម្តេចតេជោ ហ៊ុន សែន បានតាមដាននូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងដែលបាន ផ្ទុះឡើងនៃជំងឺកូវដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត នេះតាំងពីដំបូងមក។ សម្តេចតេជោ ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងនឹងយកឈ្នះលើជំងឺ រាតត្បាតសកលនេះទាំងស្រុង។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមក ក៏បានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា សម្តេចតេជោហ៊ុន សែន ធ្លាប់បានផ្តល់ម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ នេប៉ាល់ និងទីម័រផងដែរ៕
វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ