រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើឱ្យអង្គការសង្គមស៊ីវិល កុំមានការព្រួយបារម្ភអំពី ការបង្កើតគណ:កម្មការតាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 17 ខែ សីហា ឆ្នាំ 2021 153 ភ្នំពេញ៖ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឱ្យអង្គការសង្គមស៊ីវិលដែលកំពុងមានការព្រួយបារម្ភអំពី ការបង្កើតគណ:កម្មការ តាមដានវាយតម្លៃ និងលើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ត្រូវធ្វើការពិនិត្យមើលឡើងវិញនូវតួនាទី ភារកិច្ចរបស់ គណៈកម្មការនេះឱ្យបានច្បាស់លាស់ជាមុនសិន ។ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ តាមរយៈប្រព័ន្ធវីដេអូ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលអំពី ការបង្កើតគណ:កម្មការតាមដានវាយតម្លៃនិង លើកសរសើរក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ដោយសារពួកគាត់មិនទាន់យល់ច្បាស់លាស់អំពីតួនាទី ភារកិច្ច របស់គណៈកម្មការនេះ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យអង្គការសង្គមស៊ីវិលកុំមានការព្រួយបារម្ភ ហើយត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់អំពី គោលបំណងតួនាទី ភារកិច្ច របស់គណៈកម្មការនេះជាមុនសិន ដើម្បីយល់ដឹងពីបំណងប្រាថ្នាពិតប្រាកដរបស់ក្រសួងព័ត៌មាន ដើម្បីលើក កម្ពស់ឧត្តមប្រយោជន៍ សេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដោយឈរលើស្មារតីលើកកម្ពស់ សិទ្ធិសេរីភាពខាងសារព័ត៌មាន និងការការពារផលប្រយោជន៍ ចំពោះអ្នកសារព័ត៌មាន ទើបក្រសួងព័ត៌មានបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរដល់ការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននេះឡើង ដោយមានការចូលរួមពីសហព័ន្ធ សមាគម និង ក្លឹបអ្នកសារព័ត៌មានមួយចំនួននៅក្នុងគណៈកម្មការនេះ ដើម្បីផ្ដល់មតិយោបល់នៅក្នុងការវាយតម្លៃ ទៅលើការអនុវត្តន៍ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម មាស សុភ័ណ្ឌបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការសម្តែងការព្រួយ បារម្ភរបស់ក្រុមសង្គមស៊ីវិលទំាងនោះ ពាក់ព័ន្ធទៅនឹងការបង្កើតគណៈកម្មការនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការសង្គមស៊ីវិល ទាំងនោះ ត្រូវពិនិត្យឱ្យបានយល់ច្បាស់ និងគ្រប់ជ្រុងជ្រោយ អំពីតួនាទីភារកិច្ចរបស់គណៈកម្មការនេះ។ សំឡេង៖«ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការបង្កើតគណៈកម្មការតាមដានវាយតម្លៃនិងលើកសរសើរការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានទើបនឹងបង្កើតឡើងនៅពេលថ្មីៗនេះ ដោយឯកឧត្តមបញ្ជាក់ថា គណៈកម្មការនេះគឺបង្កើតឡើង នៅក្នុងគោលបំណងតែមួយគត់គឺការលើកតម្លៃសេចក្ដីថ្លៃថ្នូរ ក៏ដូចជាកិត្យានុភាពរបស់អ្នកសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់យើង មិនមែនជាគណកម្មការដើម្បីបង្កើតឡើងដាក់ពិន័យទៅលើអ្នកសារព័ត៌មាននៅលើព្រះរាជាណាចក្រកម្ពុជា ដូចការលើកឡើង របស់ក្រុមសង្គមស៊ីវិលមួយចំនួនតូចនោះទេ។ បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានបញ្ជាក់ផងដែរថាការលើកឡើងអំពីការព្រួយបារម្ភ របស់អង្គការសង្គមស៊ីវិលមួយចំនួនតូចនោះគឺមិនបានសិក្សាស្វែងយល់ ឬក៏មិនបានយល់ច្បាស់លាស់អំពីតួនាទីភារកិច្ច របស់គណៈកម្មការ នេះទេ។ហើយស្នើឲ្យអ្នកទាំងនោះ ពិនិត្យមើលតួនាទីភារកិច្ចរបស់គណៈកម្មការនេះឲ្យបានច្បាស់លាស់។ ហើយទន្ទឹមនឹងនោះក៏ត្រូវស្វែងយល់ផងដែរពីពាក្យថាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ»។ ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា គណៈកម្មការនេះក៏មានសមាសភាពចូលរួមពី តំណាងសហព័ន្ធ សមាគម ក៏ដូចជាក្លឹប មានសារព័ត៌មានផងដែរ ដែលសមាសភាពនេះមិនខុសគ្នាឆ្ងាយទៅនឹងសមាសភាព របស់មន្ត្រី ក្រសួងព័ត៌មាននោះទេ។ គណៈកម្មការនេះគឺត្រូវបង្កើតឡើង ដើម្បីចូលរួមផ្ដល់យោបល់ជូនថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យនិង វាយតម្លៃទៅលើការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគណៈកម្មការនេះមិនមែនជា គណៈកម្មការសម្រាប់ដាក់ពិន័យទៅលើអ្នកសារព័ត៌មាននោះទេ៕ 153 ចែករំលែក